(អាមេរិក)៖ តារាចម្រៀងប៉ុបល្បីឈ្មោះអាមេរិក Taylor Swift នៅថ្ងៃអង្គារ៍សប្តាហ៍នេះបានឲ្យដឹងថា នាងបានរៀបចំកម្មវិធីប្រគំតន្ត្រីទេចរណ៍មួយ ដែលជាការធ្វើឡើងលើកដំបូងបង្អស់ក្នុងរយៈពេល៥ឆ្នាំមកនេះ។ ការប្រគំតន្ត្រីនៅពហុកីឡដ្ឋានរបស់សហរដ្ឋអាមេរិក ត្រូវបានបញ្ជាក់ថា នឹងធ្វើឡើងក្នុងឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

តារាស្រីវ័យ៣២ឆ្នាំរបស់អាមេរិករូបនេះ ត្រូវបានគេដឹងថា ទើបតែបញ្ចេញអាល់ប៊ុមទី១០របស់ខ្លួន ចំណងជើងថា «Midnights» កាលពីថ្ងៃទី២១ ខែតុលា កន្លងទៅថ្មីៗនេះ ខណៈថ្ងៃអង្គារ៍សប្តាហ៍នេះ ស្រាប់តែអាល់ប៊ុមរបស់នាងក្លាយជា ស្នាដៃរបស់សិល្បការិនីទោលដ៏មានឥទ្ធិពលបំផុត ដោយបានឡើងទៅដល់តារាង Top10 របស់ Bllboard ដែលជាប្រវត្តសាស្ត្រថ្មីមួយ មិនធ្លាប់មានសម្រាប់តារាចម្រៀងស្រីទោល ក្នុងរយៈពេល៦៤ឆ្នាំមកនេះ។

កម្មវិធីរបស់នាងនៅឆ្នាំ២០២៣ នឹងបង្ហាញអាល់ប៊ុមថ្មី ក៏ដូចជាការរំលឹកឡើងវិញនៃអាជីពដ៏អស្ចារ្យ និងរឿងរ៉ាវរបស់នាង។ នៅក្នុងការបង្ហោះនៅលើ Instagram Swift បាននិយាយថាដំណើរទេសចរណ៍ដែលត្រូវបានគេហៅថា «The Eras Tour» ជាដំណើរឆ្លងកាត់សម័យតន្ត្រីនៃអាជីពរបស់នាង(អតីតកាលនិងបច្ចុប្បន្ន)។ 

ការប្រគំតន្ត្រីរបស់នាង គឺនឹងធ្វើឡើងនៅទឹកដីសហរដ្ឋអាមេរិកតែម្តង គឺមានរយៈពេលពីខែមីនាដល់ខែសីហា ឆ្នាំ២០២៣ ហើយកម្មវិធីនឹងប្រព្រឹត្តទៅនៅពហុកីឡាដ្ឋាន ឬនៅជិតទីក្រុងធំៗដូចជា Boston, New York, Los Angeles និង Chicago៕