(ភ្នំពេញ)៖ បន្ទាប់ពីបានផ្អឹបទុកចោល អស់រយៈពេលជាង២ឆ្នាំ ធ្វើឲ្យផលិតករ និងតារាសម្ដែងស្ទើរតែភ្លេចសាច់រឿងទៅហើយនោះ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ នៅពេលនេះភាពយន្តបែបកំប្លែង សើចសប្បាយបំបាត់ទុក្ខកង្វល់ មានចំណងជើងថា «ជួបស៊យវគ្គ៣» មានឱកាសដាក់បញ្ចាំងជូនមហាជន និងទស្សនិកជនទស្សនា ក្រោយពីរាជរដ្ឋាភិបាល បើកឲ្យដំណើរការរោងភាពយន្តឡើងវិញ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមនោះ គឺនៅក្នុងឱកាសបើកសម្ពោធកាលពីល្ងាចថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើបអ៊ីអនភ្នំពេញ ផលិតករក្នុងផលិតកម្ម LD Picture បានអះអាងថា ខ្សែភាពយន្តខ្នាតធំរឿង «ជួបស៊យ» អាចនឹងមានវគ្គទី៤បន្តទៀត។

លោក លៀក លីណា អ្នកគ្រប់គ្រងទូទៅ និងជាផលិតករប្រចាំក្នុងផលិតកម្ម LD Picture បានថ្លែងបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទទួលបានការគាំទ្រពីមហាជន និងទស្សនិកជន ជាពិសេសយុវវ័យ តាំងពីវគ្គទី១ និងទី២ រហូតផលិតបានដោយជោគជ័យនូវវគ្គទី៣បន្តទៀត ហើយបានធ្វើពិធីសម្ពោធបើកដាក់បញ្ចាំងជាផ្លូវវការនៅថ្ងៃនេះ ទោះបីជាវគ្គទី៣នេះ បានជួបឧបសគ្គរាំងស្ទះ ដោយសារវិបត្តិប្រទេសជាតិ និងពិភពលោកជួបនូវជំងឺកូវីដ-១៩ មិនបានដាក់បញ្ចាំងភ្លាមៗក្រោយបញ្ចប់ការថតក្ដី។ ប្រសិនបើវគ្គទី៣ ទទួលបានការគាំទ្រច្រើនពីមហាជនបន្ថែមទៀត ភាពយន្តខ្នាតធំបែបកំប្លែងរឿង «ជួបស៊យ» អាចនឹងបន្តថតដល់វគ្គទី៤ទៀតផង។

អ្នកគ្រប់គ្រងទូទៅ និងជាផលិតករប្រចាំក្នុងផលិតកម្ម LD Picture រូបនេះបានថ្លែងសង្កត់ធ្ងន់បន្តទៀតថា ទោះបីជាផលិតកម្ម LD Picture បានផលិតភាពយន្តរឿងជួបស៊យរួចរាល់ជាច្រើនវគ្គ និងរឿងផ្សេងៗទៀត ដាក់បញ្ចាំងនៅក្នុងរោងភាពយន្ត ជាបន្តបន្ទាប់រួចមកហើយក្ដី ប៉ុន្តែផលិតកម្មមិនភ្លេចពង្រឹងទៅលើគុណភាពនោះឡើយ។ ផលិតកម្មតែងតែពង្រឹងជាអាទិភាព ទៅលើគុណភាពនៃភាពយន្តនីមួយៗ ដើម្បីប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក ហើយក៏ជាចំណែកមួយក្នុងការជួយលើកស្ទួយវិស័យភាពយន្តរបស់កម្ពុជា ឲ្យកាន់តែល្អប្រសើរឡើងផងដែរ។

សូមបញ្ជាក់ថា ភាពយន្តខ្នាតធំបែបកំប្លែង រឿង «ជួបស៊យវគ្គ៣» នេះ គឺជាការត្រឡប់មកវិញរបស់រឿង​ ក្រោយចេញវគ្គ២ កាលពីឆ្នាំ២០១៩។ ដោយពេល​នេះ​ គឺ​ដល់ពេលកូនប្រុសរបស់នាយ ស៊យ គឺមានឈ្មោះថា «នាយចង្រៃ» ដែលសម្ដែងដោយលោក លោក វុធ ថុង បញ្ចេញភាពស៊យរបស់ខ្លួនវិញម្ដង។​ បើតាមការបញ្ជាក់ពីលោក លៀក លីណា បាន​ឲ្យដឹងថា ភាពយន្តដែលដឹកនាំសម្ដែងដោយតារាកំប្លែងនាយ គ្រឿន មួយនេះ ​នឹងអាចមានវគ្គទី៤បន្តទៀត។

រឿង «ជួបស៊យវគ្គ៣» មាន​ការចូលរួមសម្ដែងដោយ តារាក្មេងចាស់ប្រុសស្រីជាច្រើនដូចជា លោក ទេព រិន្ទដារ៉ូ, នាយ គ្រឿន, កញ្ញា គៀត សុវណ្ណាឡាង, លោក វុធ ថុង, កញ្ញា ឈិន មុន្នីនាថ, លោក ងួន សុបិន, ឌីជេ កាកា, អ្នកនាង ប៊ីរីយ៉ា, លោក ចាដេត, កញ្ញា សោមា ឡាឡែន និងតារាប្រុសស្រីល្បីៗជា​ច្រើនរូបទៀត៕