(អាប៊ូដាប៊ី)៖ កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានផ្ដួលដៃគូឲ្យបោះបង់ការប្រកួតជាបន្ដបន្ទាប់ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship - Abu Dhabi 2022 នៅទីក្រុងអាប៊ូដាប៊ី ប្រទេសរ៉ាប់រួម នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

ការប្រកួតលើវិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់ក្រោម ៥២គីឡូក្រាម ខាន់ ចេសា បានបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយបានផ្ដួលគូប្រកួតឲ្យបោះបង់ការប្រកួត ៣ប្រកួតជាប់គ្នា ពោលគឺបានយកឈ្នះកីឡាការិនីហ្វីលីពីន Baluyot Ashley Jeraine នៅជុំទី២ (១៦នាក់ចុងក្រោយ), ឈ្នះកីឡាការិនីម្ចាស់ផ្ទះអារ៉ាប់រួម Shraim Maitha នៅជុំទី៣ (វគ្គ ៨នាក់ចុងក្រោយ) និងបន្ដយកឈ្នះកីឡាការិនីអ៊ីស្រាអ៊ែល Matthews Martin Naiomi នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតដូចៗគ្នា។

ជ័យជម្នះដ៏អស្ចារ្យនេះ បានធ្វើឲ្យម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ រូបនេះ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបជើងខ្លាំងលំដាប់ពិភពលោករបស់អេស្ប៉ាញ គឺកីឡាការិនី Matthews Martin Naiomi ដែលបានយកឈ្នះកីឡាការិនីកូឡុំប៊ី Cruz Adriana Anaiansi ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។ តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ចេសា នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រម៉ោង ៧យប់នេះ (ម៉ោងនៅកម្ពុជា)។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Ju-Jitsu World Championship - Abu Dhabi 2022 ខាងលើ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ៣រូបចូលរួម ក្រោមការដឹកនាំរបស់លោក ថោង ធុន អនុប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា។ ក្នុងនោះកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក-ម៉ិចស៊ិក ខាន់ ចេសា ត្រូវប្រកួតមុនគេថ្ងៃនេះ ខណៈកីឡាករ ២រូបទៀត គឺមានកីឡាករ ហួរ សេងហុង និង ថន អេនដ្រូ ត្រូវប្រកួតនាថ្ងៃទី០៣ ខែវិច្ឆិកាស្អែកនេះ៕