(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍សិក្សារបស់សិស្សប៊ែលធី និទ្ទេស A ចំនួន៩៩រូប ជូនដល់សិស្សថ្នាក់ទី១២ ចំនួន១,១៧៥នាក់ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ខាងមុននេះ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឲ្យដឹងថា បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន២៦សាខា ក្នុងនោះ ២៤សាខាកំពុងដំណើរការ និង ២សាខាកំពុងសាងសង់ ដែលមានបុគ្គលិកបម្រើការ សរុបចំនួន ២,៤៤៦នាក់ (នារី១,០០៨នាក់) និងមានសិស្សានុសិស្ស កំពុងសិក្សាសរុបចំនួន ៥៨,១៨៤នាក់ (នារី ២៩,០៩២នាក់)។

គិតត្រឹមឆ្នាំសិក្សា ២០២០-២០២១ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ ដែលបានប្រឡងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន១៤,៨៣៨នាក់ ក្នុងនោះ ជាប់១២,៦៣០នាក់ ស្មើនឹង ៨៥.១២% និងទទួលបាន សិស្សនិទ្ទេស A ចំនួន២១១នាក់ សិស្សពូកែទូទាំងរាជធានី ចំនួន៩០នាក់ និងទូទាំងប្រទេស ចំនួន២០នាក់។ ចំពោះ សិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានសញ្ញាបត្រចំនួនពីរ៖ មួយចេញដោយសាលា ប៊ែលធី អន្តរជាតិ និងមួយទៀត ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិ សម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។

ក្នុងឱកាសនោះ សិស្សនិទ្ទេស A ចំនួន៥រូប តំណាង សិស្សនិទ្ទេស A ទាំង៩៩រូប បានចែករំលែកបទ ពិសោធន៍ជោគជ័យ ដែលមានកត្តា រួមផ្សំសំខាន់ៗ ចំនួន៤ គឺទី១៖ កត្តាខ្លួនឯង៖ ត្រូវខិតខំសិក្សារៀនសូត្រ និងមានគោលដៅ, ទី២៖ កត្តាគ្រួសារ៖ មាតាបិតាផ្តល់ឱកាសសិក្សា និងជំរុញលើកទឹកចិត្តបុត្រធីតា, ទី៣៖ កត្តាសាលា៖ មានកម្មវិធីសិក្សាល្អៗ កម្មវិធីសិក្សាបន្ថែមទាំង៩ គ្រូមានសមត្ថភាព បទពិសោធន៍ និងគរុកោសល្យ ព្រមទាំង មាន BELTEI App ជាជំនួយ ស្មារតីក្នុងការសិក្សា និងទី៤៖ កត្តាសង្គម៖ ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ដែលធ្វើឲ្យសិស្សមានឱកាស បានរៀនសូត្រ ខ្ជាប់ខ្ជួនទៅតាមកម្មវិធីសិក្សារបស់ក្រសួង និងសាលាបានដាក់ចុះ។

លោកបណ្ឌិត លី ឆេង បានកោតសរសើរចំពោះ សិស្សនិទ្ទេស A ទាំង ៩៩រូប និងសិស្ស ជ័យលាភីទាំងអស់ដែលបានយកចិត្តទុកដាក់ ខិតខំសិក្សារៀនសូត្រ ស្តាប់គ្រូពន្យល់ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផល លំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួល បានជោគជ័យនាពេលនេះ។ ជាពិសេសបានចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួន ជូនដល់សិស្សប្អូន ជំនាន់ក្រោយ ដើម្បីជាទុនសម្រាប់ត្រៀម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាខាងមុននេះ។

លោកបណ្ឌិត លី ឆេង ក៏បានថ្លែងអំណរគុណ ចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ដែលបានផ្តល់ឱកាស និងជំរុញកូនៗឲ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ និងគោរពវិន័យ សាលា ព្រមទាំងសហការយ៉ាងជិតស្និត ជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។ លោកក៏បានប្រគល់លិខិតសរសើរ និងប្រាក់រង្វាន់ជូនដល់សិស្សនិទ្ទេស A ទាំង៩៩រូប ព្រមទាំងនាយកសាខា និងលោកគ្រូ-អ្នកគ្រូ ថ្នាក់ទី១២ ដែលមានស្នាដៃបង្រៀនសិស្សទទួលបាននិទ្ទេស A ចំនួន១៦៩រូប នាពេលនោះផងដែរ៕