(សៀមរាប)៖ តាមរយៈកម្មវិធី «តោះ! ដើរឡើងភ្នំបូកគោដើម្បីសុខភាពកុមារ» នៅព្រឹកថ្ងៃអង្គារទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកអគ្គនាយកក្រុមហ៊ុន ឃាងហ៊ួត អ៉ិនធើណេសិនណល បានចូលរួមបរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ សៀមរាប ដើម្បីជួយសម្រួលដល់ការលំបាកដែលមន្ទីរពេទ្យ កំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

បច្ចុប្បន្ន មន្ទីរកុមារអង្គរ សៀមរាប កំពុងប្រឈមខ្លាំងពីបញ្ហាខ្វះថវិកាជួយដល់កុមារជាច្រើននាក់ ដែលកំពុងមានជំងឺធ្ងន់ធ្ងរ ជាពិសេសជំងឺមហារីក។ មួយរយៈចុងក្រោយនេះ មន្ទីរពេទ្យកំពុងព្យាបាលកុមារដែលមានជំងឺមហារីកជាច្រើននាក់ផងដែរក្នុងមួយថ្ងៃៗ ហើយកំណើនកុមារដែលមានជំងឺមហារីក កាន់តែមានច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

ជំនួសមុខមន្ទីរពេទ្យកុមារអង្គរ សៀមរាប លោក Ngoun Chanpheaktra ប្រធានមន្ទីរពេទ្យកុមារអង្គរ សៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏សប្បុរសរបស់លោកអគ្គនាយក្រុមហ៊ុន ឃាងហ៊ួន ដែលបានចំណាយទាំងទឹកចិត្ត និងថវិកាជួយដល់មន្ទីរពេទ្យដែលកំពុងខ្វះខាត។ លោកសង្ឃឹមផងដែរថា លោកអគ្គនាយកនៅតែបន្តជួយដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយដល់ជីវិតកុមារខ្មែរ ឲ្យរួចផុតពីជំងឺកាចសាហាវផ្សេងៗបន្តទៀត។

ជាចុងក្រោយ លោកបានជូនពរដល់លោកអគ្គនាយកក្រុមហ៊ុន ឃាងហួត អ៉ិនធើណេសិនណល ជួបតែសេចក្តីសុខ និងសេចក្តីចម្រើនជារៀងរហូតតទៅ។ លោកក៏បានអំពាវនាវដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេសទាំងអស់ ចូលរួមបរិច្ចាគថវិកាទៅតាមសទ្ធា ដើម្បីជួយដល់កុមារខ្មែរ ដែលកំពុងមានជំងឺ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកុមារអង្គរជាច្រើននាក់ ផងដែរ៕