(អាមេរិក)៖ តារាចម្រៀងរ៉េបល្បីឈ្មោះរបស់អាមេរិក ដែលគេស្គាល់ឈ្មោះថា Takeoff នោះ ត្រូវបានរាយការណ៍មកថា បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជួបការបាញ់ប្រហារមួយនៅទីក្រុង Houston កាលពថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ ទាំងមិនដឹងមូលហេតុ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមប្រភពបានឲ្យដឹងថា លោក Takeoff និងពូរបស់លោក Quavo គឺកំពុងចូលរួមក្នុងកម្មវិធីក្រឡុកគ្រាប់ឡុកឡាក់មួយកន្លែង។ តែសំណាងមិនល្អលុះដល់ម៉ោង ២៖៣០នាទីរំលងអាធ្រាត្រ តារារ៉េបរូបនេះ ស្រាប់តែត្រូវបានជនមិនស្គាល់មុខ បាញ់ចំក្បាលបណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេច។ ការបាញ់ប្រហារនេះ ក៏បានធ្វើឲ្យមនុស្សពីរនាក់ផ្សេងទៀតរងរបួស និងដឹកទៅកាន់មន្ទីរពេទ្យ។ ចំណែកលោក Quavo ដែលត្រូវជាពូ មិនមានរបួសអ្វីឡើយ។

យ៉ាងណាមិញចំពោះករណីនេះ ប៉ូលីសក្នុងតំបន់បាននិយាយថា មិនទាន់កំណត់ជនបង្កនៅឡើយទេ ខណៈបច្ចុប្បន្នកំពុងបើកការស៉ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ស្របពេលដែលមានអ្នកគាំទ្រជាច្រើន បានលើកឡើងថា រូបលោកត្រូវបានគេសម្លាប់ដោយអយុត្តិធម៌ និងទទូចឲ្យសមត្ថកិច្ចតាមស្វែងរកឃាតករ ដើម្បីយកមកផ្ទន្ទាទោសតាមច្បាប់ ឲ្យខាងតែបាន។

គួរបញ្ជាក់ថា Takeoff គឺជាតារារ៉េបដ៏ល្បីមួយរូប ដែលមានឈ្មោះពិត Kirshnik Khari Ball។ លោកគឺជាសមាជិកក្មេងបំផុតនៃក្រុមហ៊ីបហប Migos ដែលមាន Quavo ដែលជាពូរបស់លោក និងបងប្អូនជីដូនមួយរបស់លោក គឺ Offset៕