(ភ្នំពេញ)៖ វេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា នាយិការនៃមន្ទីរសម្រាកព្យាបាល ដេវ៉ាល់ដា បានចុះកិច្ចព្រមព្រៀងលើយុទ្ធសាស្ត្រសម្ព័ន្ធទីផ្សារ ជាមួយមន្ទីរពេទ្យ សាមិតទីវេទ ប្រទេសថៃ ដែលតំណាងដោយលោកវេជ្ជបណ្ឌិត វ៉ាស៊ូ កាំឆៃសាធាន ជានាយករងនៃមន្ទីរពេទ្យកុមារ សាមិតទីវេទប្រទេសថៃ។

ការចុះកិច្ចព្រមព្រៀងសម្ព័ន្ធភាពលើយុទ្ធសាស្ត្រសម្ព័ន្ធទីផ្សារនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ក្នុងគោលបំណងនាំយកការទទួលស្គាល់អំពីគុណតម្លៃសេវាសុខាភិបាលរបស់ភាគីទាំងសងខាង ផ្សព្វផ្សាយ និងបម្រើទៅកាន់អតិថិជន និងអ្នកជំងឺគោលដៅ ដែលក្នុងកិច្ចព្រមព្រៀងមានរួមបញ្ជូលទាំងមធ្យោបាយ និងយុទ្ធសាស្ត្រដែលភាគីទាំងពីរ នឹងត្រូវរួមគិតរួមធ្វើជាមួយគ្នា ក្នុងគោលបំណងរួមគឺបម្រើផលប្រយោជន៍ជូនដល់អ្នកជំងឺរបស់ភាគីទាំងសងខាង ក្នុងការទទួលបានសេវាការថែទាំពីខាងភាគគីទាំងពីរប្រកបដោយទំនុកទុកចិត្ត ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ។

លើសពីនេះទៅទៀត ភាគីទាំងពីរបានព្រមព្រៀងពង្រីកពង្រឹងទៅលើការសហការសេវាជាក់លាក់ដែលរួមមាន៖

* ការពិគ្រោះយោបល់តាមប្រព័ន្ធអេឡិចត្រូនិច ជាមួយវេជ្ជឯកទេសកុមារ ភ្លាមៗ ដោយមិនត្រូវការការណាត់ជួបមុន ជាមួយពេលវេលារង់ចាំខ្លី

* ជំនួបពិភាក្សាករណីជំងឺធ្ងន់ និងស៊ាំញាំ តាមប្រព័ន្ធអេឡិចត្រូនិច រវាងវេជ្ជបណ្ឌិតឯកទេសថៃ និងខ្មែរ មុនការសម្រេចបញ្ជូនតាមរយៈ រថយន្ត ឬយន្តហោះសង្គ្រោះបន្ទាន់

* កម្មវិធីបញ្ជូន គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិត បណ្តុះបណ្តាល វគ្គខ្លី នៅមន្ទីរពេទ្យ សាមិតទីវេទ

* ការសហការលើការ កិច្ចពិភាក្សាស្តីពីសុខភាពក្នុងកម្មវិធីនាទីសុខភាព ដេវ៉ាល់ដា ឬការអញ្ជើញជាវាគ្មិនក្នុងសិក្ខាសាលាសម្រាប់ក្រុមវេជ្ជសាស្រ្ត ដើម្បីលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងវិស័យសុខាភិបាល

មន្ទីរសម្រាកព្យាបាល ដេវ៉ាល់ដា រំពឹងទុកនឹងសង្ឃឹមយ៉ាងមុតមាំពីលទ្ធផលដ៏មានអត្ថន័យ និងល្អឥតខ្ចោះ ចេញពីការខិតខំប្រឹងប្រែងពីភាគីទាំងសងខាង ដែលរួមគិតរួមធ្វើជាមួយគ្នា បម្រើភាពរីកចម្រើនរួមគ្នាដើម្បីគ្នាទៅវិញទៅមក ហើយជឿជាក់ថា គ្រប់កិច្ចការដែលភាគីទាំងពីរអាចធ្វើការរួមគ្នានឹងដើរឆ្ពោះសំដៅទៅគោលដៅតែមួយ គឺជាការផ្តល់សេវាវេជ្ជសាស្រ្តប្រកបដោយទំនុកទុកចិត្តដល់អ្នកជំងឺរបស់ភាគីទាំងសងខាង។

សូមបញ្ជាក់ផងដែរថា មន្ទីរសម្រាកព្យាបាលដេវ៉ាល់ដា ផ្តល់សេវាថែទាំសុខភាព ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ ជាមួយនឹងឯកទេសជាច្រើនប្រភេទ ភាគច្រើនជាឯកទេសវេជ្ជសាស្រ្តទូទៅ ជំងឺរ៉ាំរ៉ៃ និងឯកទេសព្យាបាលជំងឺថ្លើមគ្រប់ប្រភេទ។ មន្ទីរពេទ្យ បានសហការជាមួយ ក្រុមហុន វីអេអេស៊ី ជាសេវាយន្តហោះពេទ្យ និងយន្តហោះឯកជន វីអាយភី (VAAC -VIP Air Ambulance & Charter Flight) មន្ទីរពេទ្យបាន និងកំពុង ធ្វើការជាមួយមន្ទីរពេទ្យនានាទូទាំងពិភពលោក ជាពិសេសមន្ទីរពេទ្យក្នុងប្រទេស សង្ហបុរី និងថៃ។

មន្ទីរពេទ្យតែងតែស្វែងរកតែមន្ទីរពេទ្យដែលមានស្តង់ដារអន្តរជាតិ ហើយសហការដៃគូជាមួយតែមន្ទីរពេទ្យដែលមន្ទីរពេទ្យអាចជឿទុកចិត្តបានសម្រាប់អ្នកជំងឺរបស់យើងតែប៉ុណ្ណោះ។ មន្ទីរពេទ្យក៏ធ្វើការបញ្ជូនដើម្បីព្យាបាលបន្តសម្រាប់តែក្នុងករណីជំងឺដែលត្រូវការសេវាព្យាបាលចាំបាច់ដែលពុំទាន់មាននៅប្រទេសកម្ពុជា តែប៉ុណ្ណោះ៕