(បរទេស)៖ បន្ទាប់ពីលោក Elon Musk ចូលកាន់តំណែងនៅ Twitter ជាផ្លូវការប៉ុន្មានថ្ងៃមកនេះ ពេលនេះ អ្នកកាន់តំណែងធំៗជាច្រើននៅ Twitter កំពុងប្រកាសលាលែងពីតំណែងដោយក្នុងនោះរួមមាន ប្រធានផ្នែកអតិថិជន (CCO) ប្រធានផ្នែកធនធានមនុស្ស (CPO) ប្រធានផ្នែកទីផ្សារ (CMO) និងមន្ត្រីតាមផ្នែកមួយចំនួនផ្សេងទៀតក៏កំពុងចាកចេញពីតំណែងផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រភពដដែលបានឱ្យដឹងថា ការចាកចេញនេះកើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារពី Musk នៅថ្ងៃទី២៨ ខែតុលា បានបញ្ចប់ជាផ្លូវការ អមជាមួយនឹងការបណ្តេញនាយកប្រតិបត្តិ (CEO) លោក Parag Agrawal ប្រធានផ្នែកហិរញ្ញវត្ថុលោក Ned Segal និង ) រួមទាំងអ្នកដឹកនាំក្រុមច្បាប់ និងជាប្រធានគោលនយោបាយលោក Vijaya Gadde ចេញពី Twitter។

ជុំវិញរឿងរ៉ាវទាំងនេះអ្នកកាន់តំណែងធំៗនៅ Twitter កំពុងប្រកាសចាកចេញពីក្រុមហ៊ុនដោយក្នុងនោះរួមមាន អ្នកនាង Sarah Personette ដែលជាប្រធានផ្នែកអតិថិជន និងជានាយកប្រតិបត្តិផ្សព្វផ្សាយពាណិជ្ជកម្ម អ្នកនាង Dalana Brand ប្រធានផ្នែកធនធានមនុស្ស និងអ្នកគ្រប់គ្រង់ទូទៅផ្នែក Core Technologies លោក Nick Caldwell បានផ្លាស់ប្តូរនៅលើគណនីរបស់លោកទៅជា «អតីតនាយកប្រតិបត្តិ Twitter»

លើសពីនេះទៅទៀតក៏មានការប្រកាសចេញជាបន្តបន្ទាប់ពី ប្រធានផ្នែកទីផ្សារអ្នកនាង Leslie Berland ប្រធានផ្នែកគ្រប់គ្រងផលិតផល លោក Jay Sullivan និងអនុប្រធានផ្នែកលក់លោក Jean-Philippe Maheu ក៏បានចាកចេញពីជម្រក Twitter ផងដែរ។

តែយ៉ាងណាជុំវិញរបាយការណ៍នេះប្រភពមិនបានបញ្ជាក់លម្អិតនោះទេថាតើការប្រកាសលាលែងពីតំណែងនេះត្រូវបាននាយកប្រតិបត្តិ Twitter ថ្មីដកចេញពីតំណែង ឬក៏សម្រេចចិត្តដើរចេញដោយខ្លួនឯងនោះ៕