(ភ្នំពេញ)៖ កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា សៅ រង្សី បានប្រកួតចាញ់ពិន្ទុកីឡាករអ៊ីរ៉ង់ Mehdi Khosravi ទាំងប្រផិតប្រផើយ លើប្រភេទទម្ងន់ ៥៤គីឡូក្រាម ក្នុងការប្រកួតកីឡាប្រដាល់សកលជើងឯកអាស៊ី ASBC Asian Elite Men And Women Boxing Championship 2022 នៅប្រទេសហ្ស៊កដានីកាលពីយប់មិញ។

សម្រាប់ការប្រកួតដំបូងរបស់កីឡាករកម្ពុជានេះ សៅ រង្សី ធ្វើបានយ៉ាងល្អក្នុងទឹកទី១ ដោយវាយកីឡាករអ៊ីរ៉ង់ឲ្យអាជ្ញាកណ្ដាលរាប់ និងទទួលបានពិន្ទុនាំមុខពីចៅក្រោមទាំង ៥ ក្នុងពិន្ទុ ១០-៩ ដូចៗគ្នាទៀតផង ។ ប៉ុន្ដែទឹកទី២ និងទឹកទី៣ រង្សី មានបញ្ហាឈឺដៃ និងធ្លាក់ចុះកម្លាំង នាំឲ្យកីឡាករ Mehdi Khosravi មានប្រៀប និងមានឱកាសវាយយកឈ្នះ ២ទឹកចុងក្រោយវិញ ដើម្បីធានាជ័យជម្នះរបស់ខ្លួន លើកីឡាករកម្ពុជាតែម្ដង ។

បន្ទាប់ពីការប្រកួតរបស់ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមរបស់កម្ពុជាខាងលើ នៅថ្ងៃនេះ កម្ពុជានឹងមានកីឡាករកូនកាត់ខ្មែរ-អូបេគីស្ថាន ២រូបទៀត ត្រូវឡើងសង្វៀនជើងឯកអាស៊ីនេះ ក្នុងនោះកីឡាករ រ៉ាចាពៅ អាប់ឌុលឡា ត្រូវប្រកួតជាមួយកីឡាករកូរ៉េខាងត្បូង Haneul Jung ក្នុងប្រភេទទម្ងន់ ៩២គីឡូក្រាម និងកីឡាករ ណាស្រេឌីនូវ អាន់វ៉ា ត្រូវជួបកីឡាករថៃ Weerapon Jongjoho ក្នុងប្រភេទទម្ងន់ ៨០គីឡូក្រាម ។

សូមបញ្ជាក់ថា សសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ចូនកីឡាករជម្រើសជាតិ ៦រូបចូលរួមព្រឹត្តិការណ៍ជើងឯកអាស៊ីខាងលើ ដោយផ្ដោតសំខាន់លើការវាស់ស្ទង់សមត្ថភាព បច្ចេកទេស បន្ទាប់ពីពួកគេបានហ្វឹកហាត់ជាមួយគ្រូបង្វឹកថ្មីជនជាតិកាហ្សាក់ស្ថាន លោក Kassymkhanov Berikbol Amantayevich ដែលឧបត្ថម្ភគាំទ្រដោយគណៈកម្មាធិការជាតិ CAMSOC ក្នុងន័យបង្កើនគុណផលកម្រិតខ្ពស់ត្រៀមលក្ខណៈឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕