(ថៃ)៖ បើតាមគេហទំព័រ TNews Reported បានឲ្យដឹងថា ម្ចាស់ក្រុមហ៊ុនឆ្នោតអនឡាញក្នុងប្រទេសថៃ Hong Thong Lottery Office និងជាអ្នកឧបត្ថម្ភធំក្នុងកម្មវិធី «Miss Grand International» នោះ បានប្រកាសបញ្ចប់កិច្ចសន្យាជាផ្លូវការហើយបានប្តឹង Nawat Itsaragrisil ម្ចាស់រៀបចំកម្មវិធីបវរកញ្ញាមួយនេះ ពីបទបង្ហោះព័ត៌មានមិនពិត។ បន្ថែម​ពី​លើ​នេះ មនុស្ស​យ៉ាង​ហោច​ណាស់ ១០នាក់​ទៀត ក៏មានជាប់ពាក់ព័ន្ធនឹងការនិយាយបរិហារកេរ្តិ៍នេះផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnam Posts នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក Thitapa Thanasappreecha ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនឆ្នោតអនឡាញខាងលើ បានលើកឡើងថា ការបង្ហោះដោយលោក Nawat កាលពីថ្ងៃទី ១៦ ខែតុលាកន្លងទៅ បានបំភ្លៃព័ត៌មាន ដែលបណ្តាលឱ្យក្រុមហ៊ុនឆ្នោត ត្រូវខាតបង់ប្រាក់រាប់លានបាត។ លោកបានដាក់ពាក្យប្តឹងលោក Nawat ទៅនាយកដ្ឋានប៉ូលីស Phra Khanong ពីបទ បរិហារកេរ្តិ៍។ ហើយនាយកក្រុមហ៊ុនឆ្នោតរូបនេះ ក៏កំពុងរៀបចំប្តឹងទៅលើគណនីយ៉ាងតិចចំនួន ១០ ដែលមានមតិមិនសមរម្យមកលើក្រុមហ៊ុនរបស់ខ្លួនផងដែរ។

តែទោះជាយ៉ាងណាលោក Thitapa បានបញ្ជាក់ថា មិនចាំបាច់ឲ្យមានការសុំទោសនោះទេ គឺសុំឲ្យតែប្រធាន «Miss Grand International» ចេញថ្លៃសំណងតែប៉ុណ្ណោះ។ ទោះជាបែនេះក្តី មកទល់នឹងពេលនេះ ខាងប្រធាន «Miss Grand International» នៅមិនទាន់ឆ្លើយតបនឹងបញ្ហានេះនៅឡើយទេ៕