(អាស៊ី)៖ កីឡាករ Son Heung-min ដែលជាខ្សែប្រយុទ្ធឆ្នើមលំដាប់អាស៊ី និងជាសមាជិកក្លិបអង់គ្លេស Tottenham Hotspur ត្រូវធ្វើការវះកាត់បញ្ហារបួសឆ្អឹងភ្នែកខាងឆ្វេងរបស់លោក ក្រោយការប៉ះទង្គិចអំឡុងការប្រកួតដែលក្រុមមាន់ខ្នាយមាសយកឈ្នះ Marseille ២-១ ដែលធ្វើឲ្យស្ថិតក្នុងការសង្ស័យនៅ FIFA World Cup 2022។

Son Heung-min វ័យ ៣០ឆ្នាំសញ្ជាតិកូរ៉េខាងត្បូង បានរងរបួសក្នុងអំឡុងពេល Spurs ប៉ះជាមួយក្លិប Marseille ប្រកួតបញ្ចប់ពូល D នៃពានអឺរ៉ុប UEFA Champions League ដែលពូកគេសម្រេចរកបាន ១១ពិន្ទុឡើងវគ្គ ១៦ក្រុមបន្ត។

តាមរយៈសេចក្តីថ្លែងការណ៍របស់ Spurs បានបញ្ជាក់ថា «ខ្សែប្រយុទ្ធ Son បន្ទាប់ពីធ្វើការវះកាត់នឹងត្រូវស្តារនីតិសម្បទាជាមួយគ្រូពេទ្យរបស់ក្លិប ហើយយើងធ្វើបច្ចុប្បន្នភាពបន្តទៀតនៅពេលសមស្រប ខណៈក្លិបមិនបានបញ្ចាក់ពីពេលវេលាវះកាត់ ហើយក៏មិនបានបង្ហាញនៃរយៈពេលអវត្តមាននោះទេ»

គួររំលឹកផងថា ការប្រកួត FIFA World Cup Qatar 2022 ក្រុមជម្រើសជាតិកូរ៉េខាត្បូង បានស្ថិតក្នុងពូល H ជាមួយក្រុមខ្លាំងព័រទុយហ្គាល់, ហ្គាណា និងអ៊ុយរូហ្គាយ នៅពេលបើកឆាកត្រូវប៉ះអ៊ុយរូហ្គាយមុនគេ នាថ្ងៃទី២៤ ខែវិច្ចិកា៕