(បរទេស)៖ បន្ទាប់ពីការប្រកាសលាលែងពីតំណែងជាបន្តបន្ទាប់ពីអ្នកកាន់តំណែងធំៗក្នុងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter ឥឡូវនេះទទួលបានដំណឹងបន្ថែមថា នាយកប្រតិបត្តិថ្មីលោក Elon Musk គ្រោងនឹងបញ្ឈប់បុគ្គលិក Twitter សរុបប្រមាណ ៣៧០០នាក់បន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ជុំវិញរបាយការណ៍នេះត្រូវបានគេរំពឹងថា គោលដៅរបស់ Musk នឹងចាប់ផ្តើមបញ្ឈប់បុគ្គលិក Twitter ដែលធ្លាប់ត្រូវបានអនុញ្ញាតឱ្យធ្វើការពីចម្ងាយ ក៏ដូចជាបុគ្គលិកដែលប្រចាំការនៅខាងក្រៅដែលជាអ្នកទទួលតួនាទីរាយការណ៍ទៅការិយាល័យ Twitter ទាំងក្នុង និងក្រៅទីក្រុង San Francisco នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg។

ប្រភពពី CNBC ដដែលបានឱ្យដឹងទៀតថា ទាក់ទិននឹងការបញ្ឈប់បុគ្គលិកប្រមាណ ៣៧០០នាក់នេះមិនទាន់ទទួលបានការបញ្ជាក់ច្បាស់លាស់នោះទេ ខណៈម្ចាស់ Twitter ថ្មីលោក Musk គ្រោងនឹងជួបពិភាក្សាជាមួយទីប្រឹក្សារបស់លោកចំពោះការសម្រចចិត្តមួយនេះ។ យ៉ាងណាមិញក្នុងកិច្ចពិភាក្សានោះត្រូវបានគេឱ្យដឹងថា Musk គ្រោងអញ្ជើញមនុស្សជំនិតរួមមាន លោក David Oliver Sacks គឺជាសហគ្រិន និងជាអ្នកវិនិយោគនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណិត ប្រធានក្រុមហ៊ុន The Boring Company លោក Steve Davis រួមជាមួយនឹងលោក Sam Telle និង Antonio Gracias ដែលមកពីក្រុមហ៊ុនវិនិយោគ Valor Equity។

គួរបញ្ជាក់ដែរថា របាយការណ៍ខាងលើនេះទំនងជាត្រូវបានអនុវត្តទៅពិតមែន ដោយមុនពេលទិញយក Twitter បានសម្រេច Musk ធ្លាប់បានប្រកាសរួចទៅហើយថាលោកមានបំណងកាត់បន្ថយបុគ្គលិកនៅ Twitter ជិត ៧៥ភាគរយនៃបុគ្គលិកសរុបចំនួន ៧,៥០០នាក់ឯណោះ៕