(ភ្នំពេញ)៖ ក្រុមនារីជម្រើសជាតិកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះស្ថិតក្នុងពូល G នៃការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ផ្នែកនារីប្រចាំតំបន់អាស៊ី AFC U20 Women’s Asian Cup 2024 Qualifiers ដែលការចាប់ឆ្នោតបែងចែកពូលនេះ ធ្វើឡើងនៅប្រទេសសិង្ហបុរីនាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ស្ថិតក្នុងពូល G ដែលមានក្រុមជម្រើសជាតិនារីកម្ពុជា ធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះនេះ រួមមានក្រុមជម្រើសជាតិប៉ាគីស្ថាន, ម៉ាឡេស៊ី និងក្រុមនារីមីយ៉ាន់ម៉ា ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅទឹកដីប្រទេសអ៊ូសបេគីស្ថាន ដែលតាមគម្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី០៣-១៦ ខែមីនា ឆ្នាំ២០២៤ ដែលមាន ៨ក្រុមចូលរួមជុំផ្តាច់ព្រ័ត្រ។

ក្នុងនោះដែរតាមប្រភពពី AFC ការប្រកួតវគ្គជម្រុះជុំទី១ នឹងធ្វើឡើងចាប់ពីថ្ងៃទី០៤-១២ ខែមីនា ហើយជុំទី២ នឹងធ្វើឡើងចាប់ពីថ្ងៃទី០៣-១១ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការបែងចែកពូលចាប់ពីពូល A ដល់ H ខណៈក្រុមជម្រើសជាតិជប៉ុន ឈ្នះពាននេះដល់ទៅ ៦លើកច្រើនជាងគេ៕