(ភ្នំពេញ)៖ នៅក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2022 ដែលមានម្ចាស់អាជីវកម្មចូលរួមជាង១០០០នាក់ កាលពីថ្ងៃទី២៩ ខែតុលា កន្លងទៅ លោកឧកញ៉ា ម៉ន សុខា ប្រធានក្រុមហ៊ុន Universal Great Development Co., Ltd.​ ជាស្ថាបនិក Green Zone Residence ជាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា និងជាអនុប្រធានផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ត្រូវបានលោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូននូវពានកិត្តិយសដ៏ឧត្តុង្គឧត្តមមួយ គឺពានអ្នកដឹកនាំឆ្នើម (Best Leader Award)។

Best Leader Award គឺជាពានសម្រាប់ទទួលស្គាល់ស្នាដៃអ្នកដឹកនាំឆ្នើមរបស់សមាជិកគ្រួសារ CEO Master Club ដែលបានផ្តល់ភាពជាគំរូ ក្នុងការចូលរួមចំណែកជួយសង្គមជាតិតាមរយៈកិច្ចការងារមនុស្សធម៌ ការដឹកនាំកសាងស្ថាប័នអាជីវកម្មឱ្យមានភាពរីកចម្រើន និងបានធ្វើសកម្មភាពជាច្រើន ដើម្បីគាំទ្រនូវទស្សនៈវិស័យ និងបេសកម្មរបស់ CEO Master Club ក្នុងការរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស។

លោកឧកញ៉ា ម៉ន សុខា- Oknha Morn Sokha បានគូសបញ្ជាក់ថា «ការទទួលពានអ្នកដឹកនាំឆ្នើមបង្ហាញពីភាពជាគំរូ ទេពកោសល្យ សមត្ថភាព និងការលះបង់ចូលរួមជួយកិច្ចការសង្គម ព្រមទាំងស្ថាប័នអាជីវកម្ម ឱ្យរីកចម្រើនឥតឈប់ឈរ។ ខ្ញុំបាទ នឹងខិតខំប្រឹងប្រែងបន្តក្នុងបេសកកម្មអាជីវកម្ម និងកិច្ចការសង្គមសម្រាប់ការចូលរួមអភិវឌ្ឍន៍ បណ្តុះបណ្តាល សមត្ថភាពធនធានមនុស្ស ជួយប្រជាពលរដ្ឋដែលត្រូវការជំនួយ និងជួយជម្រុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង»

រហូតមកដល់ពេលនេះ CEO Master Club បានធ្វើការបណ្ដុះបណ្ដាលសហគ្រិនកម្ពុជាយើង បានចំនួនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិតចំនួន ១,៦១១នាក់ ទាំងនៅក្នុង និងនៅក្រៅប្រទេស ដែលពួកគាត់ទាំងអស់ បានកាន់កាប់អាជីវកម្ម ប្រមាណ ៣,០០០ក្រុមហ៊ុន និងបានចូលរួមបង្កើតប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណ ៣,០០០ លានដុល្លារក្នុង១ឆ្នាំ និងបានជួយបង្កើតការងាររកប្រាក់ចំណូល សម្រាប់ប្រជាពលរដ្ឋប្រមាណ ១៥ម៉ឺននាក់ទៀតផង។

សូមបញ្ជាក់ថា​ ការទទួលពានអ្នកដឹកនាំឆ្នើមនេះ គឺលើកទី២ហើយ ខណៈកាលពីចុងឆ្នាំ២០១៩​កន្លងទៅ​ លោកឧកញ៉ា​ ម៉ន​ សុខា ​ក៏ទទួលបាននូវការប្រគល់ពានប្រកបដោយកិត្យានុភាពដោយផ្ទាល់ពីលោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ រហូតដល់៤ពានផងដែរ​ រួមមាន​៖ ១-ពាន​Outstanding CEO Award​ ២-ពានគណេយ្យ​ឆ្នើម- Best Accounting Award របស់និយ័តករ​មូលបត្រ​កម្ពុជា ៣-មេដាយមាស​សហគ្រិនឆ្នេីម​-Outstanding Entreprenure Medal និង៤-ពាន​ Master CEO Award៕