(អាមេរិក)៖ តួឯកស្រីក្នុងរឿង «Aquaman» នាង Amber Heard ត្រូវបានគេជឿថា មានទំនាក់ទំនងស្នេហាជាមួយ Elon Musk នៅអំឡុងឆ្នាំ២០១៦-២០១៨ បន្ទាប់ពីលែងលះជាមួយ Johnny Depp។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នៅពេលនេះ គឺថា Amber Heard ត្រូវបានរាយការណ៍មកថា បានបិទគណនី Twitter របស់នាង បន្ទាប់ពីអតីតគូស្នេហ៍ គឺលោក Elon Musk ចូលកាន់កាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះជាផ្លូវការ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន International The News នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

តែយ៉ាងណា វាមិនច្បាស់នោះទេថា តើតារាស្រីក្នុងរឿង «Aquaman» រូបនេះ បានលុបគណនី Twitter របស់នាងដោយខ្លួនឯង ឬនាយកប្រតិបត្តិ Tesla នៅពីក្រោយនៃការលុបគណនីរបស់នាង។ ដំណឹងនេះត្រូវបានទម្លាយដោយអ្នកប្រើប្រាស់ Twitter ម្នាក់បង្ហោះសារ ពីមូលហេតុដែលគណនីរបស់ Heard ត្រូវបានលុប។ 

អ្នកប្រើប្រាស់មួយចំនួនស្មានថាអតីតភរិយារបស់លោក Johnny Depp បានលុបគណនីរបស់នាង ដូច្នេះស្ថាបនិក SpaceX  Elon Musk នឹងមិនអាចចូលមើលសារឯកជនរបស់នាងបានទេ ខណៈអ្នកផ្សេងទៀតអះអាងថា Musk ត្រូវតែលុបគណនីរបស់នាងចោល ព្រោះវាមិនចៃដន្យទេដែល Twitter របស់នាងបាត់ភ្លាមៗ បន្ទាប់ពីមហាសេដ្ឋីរូបនេះចូលកាន់តំណែងនៅ Twitter៕