(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ឈានមុនគេនៅកម្ពុជា និងគ្រប់គ្រងដោយវិនិយោគិនខ្មែរ ១០០% នោះ បានឲ្យដឹងថា សុវត្ថិភាពការងាររបស់បុគ្គលិក គឺជាអាទិភាពចម្បងរបស់ខ្លួន ។

ក្រុមហ៊ុនបានឲ្យដឹងថា ដើម្បីលើកកម្ពស់វប្បធម៌នៅកន្លែងធ្វើការ ក្រុមហ៊ុន បានបណ្តុះវប្បធម៌សុវត្ថិភាពដល់ បុគ្គលិកគ្រប់រូបទាំងអស់ ទាំងនៅទីតាំងផលិតកម្ម និងទាំងនៅការិយាល័យ ។

ក្រុមហ៊ុនបានចាត់ទុកថា សុវត្ថិភាពគឺជាទំនួលខុសត្រូវរួមរបស់ក្រុមហ៊ុនផង និងបុគ្គលិកគ្រប់គ្នាផង ហើយបុគ្គលិកទាំងអស់ជាអ្នកចូលរួមបង្កើត និងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីពង្រឹងការអនុវត្តសុវត្ថិភាព។

អ្នកនាង យង់ កញ្ញា ដែលជាបុគ្គលិកមួយរូបរបស់ ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា គាត់ តែងប្រកាន់ខ្ជាប់តាមគោលការណ៍សុវត្ថិភាព និងបង្កើតវប្បធម៌សុវត្ថិភាព រាល់ពេលចូលមកបំពេញការងារប្រចាំថ្ងៃ ។

អ្នកនាងបាននិយាយថា៖ «ក្រៅពីការប្រើប្រាស់សម្ភារៈសុវត្ថិភាព នៅទីនេះ ខ្ញុំអនុវត្តតាមគោលការណ៍សុវត្ថិភាពយ៉ាងតឹងរឹង និងចូលរួមពង្រឹងវប្បធម៌សុវត្ថិភាពយ៉ាងសកម្ម តាមរយៈការជួយរាយការណ៍នូវទីតាំង និងសកម្មភាពមិនមានសុវត្ថិភាពជាប្រចាំដោយប្រើប្រាស់ប្រព័ន្ធ Safety Culture System ដើម្បីការពារទុកជាមុននិងបញ្ចៀសឧប្បត្តិហេតុ ឬគ្រោះថ្នាក់ដែលអាចកើតឡើងដោយប្រការណាមួយទៅលើបុគ្គលិក»

លោក ស្រ៊ុន វណ្ណៈ អនុប្រធានផ្នែកសុវត្ថិភាព នៅក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបញ្ជាក់ថា គ្រប់បុគ្គលិកទាំងអស់ ក៏ដូចជាភ្ញៀវគ្រប់រូបដែលចូលមកកាន់ទីតាំងផលិតកម្មរបស់ក្រុមហ៊ុន ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍សុវត្ថិភាពរបស់ក្រុមហ៊ុន ។

លោកថា៖ «នៅទីនេះ សុវត្ថិភាពការងាររបស់បុគ្គលិក ជាង អ្នកម៉ៅការ និងភ្ញៀវដែលចូលមកក្នុងក្រុមហ៊ុនទាំងអស់ ត្រូវបានចាត់ទុកថាជាអាទិភាពធំបំផុតជាងគេ ហើយពួកគាត់ត្រូវធ្វើយ៉ាងណាប្រកាន់ខ្ជាប់រាល់វិន័យផ្ទៃក្នុងទាំងអស់ ដើម្បីការពារដល់សុខភាព និងសុវត្ថិភាពរបស់ពួកគាត់»

ខ្មែរ ប៊ែវើរីជីស ប្រតិបត្តិច្បាប់ការពារសុវត្ថិភាពទាំង ១០ ដែលក្រុមហ៊ុនបានកំណត់ឡើង រួមបញ្ជូលទាំងការផ្ដល់វគ្គបណ្ដុះបណ្ដាលស្តីពីការរក្សាសុវត្ថិភាព ដើម្បីធានាថាបុគ្គលិកមានសុវត្ថិភាពមួយរយភាគរយ ក្នុងអំឡុងពេលបំពេញការងារ។

សម្រាប់បុគ្គលិកនានា ដូចជា អ្នកនាង យង់ កញ្ញាជាដើម គោលការណ៍ទាំងអស់នេះហើយ ដែលធ្វើឲ្យគាត់បំពេញការងារដោយពុំមានក្ដីបារម្ភ និងការភ័យខ្លាច ទាំងសុវត្ថិភាព និងសុខភាពរបស់គាត់។

គួរបញ្ជាក់ផងដែរថា ជាមួយនឹងគោលការណ៍សុវត្ថិភាពដ៏រឹងមាំបែបនេះ ធ្វើឲ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានក្លាយជាក្រុមហ៊ុនលេចធ្លោឈានមុខគេ ដែលយកចិត្តទុកដាក់បំផុតចំពោះសុខុមាលភាពរបស់បុគ្គលិក៕