(ឡុងដ៍)៖ ខ្សែការពារឆ្វេងសញ្ជាតិអង់គ្លេស Ben Chilwell កំពុងស្ថិតក្នុងមន្ទិលសង្ស័យ សម្រាប់ចូលរួមព្រឹត្តិការណ៍ World Cup បន្ទាប់ពីរងរបួសសរសៃពួរ នៅក្នុងការប្រកួតឈ្នះនៅលីគ Champions League របស់ក្លិប Chelsea លើក្រុម Dinamo Zagreb។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ខ្សែការពារវ័យ ២៥ឆ្នាំរូបនេះបានរងរបួសសរសៃពួរខាងក្រោយ នៃជើងរបស់លោក ហើយបានចាកចេញពីកីឡដ្ឋាន Stamford Bridge ក្រោយការឈ្នះ ២-១ របស់ក្រុមតោខៀវ។

អង់គ្លេស នឹងចាប់ផ្តើមយុទ្ធនាការ World Cup របស់ពួកគេនៅប្រទេសកាតា ដោយត្រូវប៉ះក្រុមអ៊ីរ៉ង់ នាថ្ងៃទី២១ ខែវិច្ឆិកា។

Chilwell បានចូលលេង ១៧លើកឲ្យក្រុមជម្រើសជាតិអង់គ្លេស ហើយជាផ្នែកមួយនៃក្រុមតោកំណាចនៅព្រឹត្តិការណ៍ Euro 2020 បើទោះបីជា លោកមិនបានបង្ហាញខ្លួននៅអំឡុងពេលប្រកួតក្នុងព្រឹត្តិការណ៍នេះក៏ដោយ៕