(បរទេស)៖ រឿងរ៉ាវដែល Apple បើកការស៊ើបអង្កេតអស់ពេលជាយូរមកនេះ ពេលនេះចេញការពិតហើយ ខណៈអតីតបុគ្គលិក Apple ម្នាក់ដែលធ្វើការនៅក្នុងនាយកដ្ឋានផ្គត់ផ្គង់សេវាសកល បានសារភាពថាខ្លួនពិតជាបានក្លែងបន្លំប្រាក់ក្រុមហ៊ុនប្រមាណ ១៧លានដុល្លារពិតមែនតាមរយៈការគម្រោងការបោកប្រាស់ទំនិញជាមួយឈ្មួញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រភពដដែលបានឱ្យដឹងថា អតីតបុគ្គលិកដែលបានក្លែងបន្លំប្រាក់ Apple នោះមានឈ្មោះថា Dhirendra Prasad បានធ្វើការនៅ Apple អស់រយៈពេល ១០ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០០៨ ដល់ ២០១៨។ ដោយលោកជាអ្នកមើលការខុសត្រូវទិញគ្រឿងបន្លាស់ និងផ្គត់ផ្គង់សេវាកម្មសម្រាប់ Apple ពីឈ្មួញ។

ដោយឡែកក្នុងឆ្នាំ២០១១ Prasad បានរួមគំនិតបោកប្រាស់ជាមួយនឹងឈ្មួញ Apple ២នាក់ទៀតដែលមានឈ្មោះថា Robert Gary Hansen និង Don M. Baker ដើម្បីលួចប្រាក់ និងបានបំប៉ោងវិក្កយបត្រផ្សេងៗទៅលើការទិញទំនិញ និងបានបញ្ជាឱ្យ Apple បង់ប្រាក់ទៅតាមចំនួនកំណត់ទាំងនោះ ទាំងដែលជាក់ស្តែងក្រុមហ៊ុនមិនបានទទួលទំនិញទាល់តែសោះ។ យ៉ាងណាមិញជុំវិញរឿងរ៉ាវនេះត្រូវបានគេស៊ើបអង្កេតថា Prasad រួមជាមួយដៃគូរបោកប្រាស់របស់ខ្លួន ២នាក់នោះ បានរួមគំនិតគ្នាបោកប្រាស់ទៅលើទំនិញ Apple ដោយបានផ្លាស់ប្តូរសមាសធាតុក្នុងការវេចខ្ជប់ ដោយលួចពី Apple ទៅឱ្យឈ្មួញហើយក៏ធ្វើការបញ្ជាទិញយកមកវិញ។

បើយោងតាមខ្លឹមសារចេញផ្សាយបានគូសបញ្ជាក់ថា Prasad បានបង្កើតការបង់ប្រាក់ខុសច្បាប់ជាមួយនឹងវិក្កយបត្រក្លែងក្លាយក្នុងចំនួនរាប់សែនដុល្លារ រួមទាំងរួមគំនិតទាមទារពន្ធពី Apple ថែមទៀត។ ដូច្នេះជាមួយនឹងទោសកំហុសនេះ Prasad អាចជាប់ពន្ធធនាគាររហូតដល់ ២៥ឆ្នាំ រួមជាមួយការរឹបអូសទ្រព្យសម្បត្តិ ៥លានដុល្លារ និងត្រូវបានកាត់ទោសឆ្នាំ២០២៣ ខាងមុខនេះ៕