(អឺរ៉ុប)៖ ខ្សែការពារអេស្ប៉ាញ Gerard Pique បានប្រកាសថា នឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់ពីក្លិប FC Barcelona ក្រោយបញ្ចប់ ១ប្រកួតចុងក្រោយនាកីឡដ្ឋាន Camp Nou ក្នុងលីគ La Liga ដែលត្រូវប៉ះក្រុម Almeria នៅចុងសប្តាហ៍នេះ។

បុរសវ័យ ៣៥ឆ្នាំ Pique បានប្រកាសនៅលើបណ្តាញសង្គម អំពីការសម្រេចចិត្តចូលនិវត្តន៍នេះថា «ខ្ញុំធ្លាប់និយាយហើយថា មិនមានក្លិបណាផ្សេងក្រៅពី Barca ហើយនេះជារបៀបដែលធ្វើវា»។ Pique គឺជាអតីតកីឡាករក្លិប Manchester United ៤រដូវកាល មុនផ្ទេរមក Barcelona ដោយបានចំណាយពេលអស់ ១៥រដូវកាលមកទល់ពេលនេះ។

ក្នុងការលេងជាមួយក្លិប Barcelona លោកបានឈ្នះរង្វាន់លីគកំពូល La Liga ចំនួន ៨លើក និងក្របខណ្ឌលីគអឺរ៉ុប UEFA Champions League ៣លើក, UEFA Super Cup ៣លើក, FIFA Club World Cup ៣លើក។

គួររំលឹកផងថា Pique មុនពេលប្រកាសចូលនិវត្តន៍ពីកីឡាករអាជីពនេះ លោកក៏បានបញ្ចប់ភារកិច្ចក្នុងក្រុមជម្រើសជាតិអេស្ប៉ាញកាលឆ្នាំ២០១៨ ដោយលេងបាន ១០២ប្រកួត និងរកបាន ៥គ្រាប់ ក្នុងនាមជាខ្សែការពារដោយរួមចំណែកឈ្នះពាន FIFA World Cup 2010 និង Euro 2012៕