(មេនឆេស្ទើ)៖ បិសាចក្រហម Manchester United ត្រៀមជួបក្រុមខ្លាំងដែលទើបធ្លាក់ពីពានរង្វាន់ធំ UEFA Champions League មានដូចជា FC Barcelona, Juventus, Ajax ឬក៏ Shaktar Donetsk ជាដើម នៅពេលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ប្រចាំពូល E នៅពាន Europa League។

ការយកបានជ័យជម្នះត្រឹម ១ទល់នឹង០ ទៅលើម្ចាស់ផ្ទះ Real Sociedad នាយប់មិញនេះ បានធ្វើឲ្យ Man Utd មាន ១៥ពិន្ទុស្មើជាមួយក្រុមកំពូលតារាង Sociedad តែចាញ់គ្រាប់បាល់ចំណេញ (goal difference) ដែលត្រូវលេងវគ្គ play-offs ជាបន្តទៀត ដើម្បីស្វែងរកកៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ។

ក្រុមរបស់លោក Erik ten Hag ក៏បានធ្វើការសងសឹកបានសម្រេចវិញ នៅក្រោយពេលចាញ់ក្នុងលទ្ធផលនេះដែរ កាលពីជើងទី១ នៅទឹកដី Old Trafford ពេលប៉ះក្រុមអេស្ប៉ាញ Real Sociedad នៅពេលកីឡាករយុវជន វ័យ ១៨ឆ្នាំ Garnacho ជាអ្នករកបានគ្រាប់ជ័យជម្នះតាំងពីដើមវគ្គទី១។

Manchester United នឹងលេងវគ្គជម្រុះ ២ជើងរបស់គេក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ដ្បិតពួកគេធ្លាប់ឈ្នះពាន UEL ម្តងរួចមកហើយកាលឆ្នាំ២០១៧ ស្ថិតក្រោមការបង្វឹករបស់លោក Jose Mourinho៕