(កូរ៉េ)៖ មានការព្យាករណ៍ថាប្រាក់ចំណេញរបស់ HYBE នៅឆ្នាំ ២០២៣ នឹងយ៉ាប់យ៉ឺនជាងឆ្នាំនេះ ដោយសារសមាជិក BTS នឹងត្រូវចូលបំពេញកាតព្វកិច្ចយោធាបន្តបន្ទាប់។ ប៉ុន្តែ HYBE សង្ឃឹម​ថា​ក្រុមហ៊ុន​នឹង​អាច​ទាញ​យក​ប្រាក់​ចំណេញ​របស់​ខ្លួន​ ចាប់​ពី​ឆ្នាំ​ក្រោយ​ជាមួយ​នឹង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​ នូវ​ការ​សម្តែង​របស់​ក្រុម​ និង​សិល្បករ​ផ្សេង​ទៀត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All K-POP នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ជាក់ស្តែងនៅថ្ងៃទី០៣ ខែតុលា ម្សិលមិញនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HYBE លោក Park Ji Won បាននិយាយនៅក្នុងសន្និសីទមួយ ស្តីពីការប្រកាសប្រាក់ចំណូលនៅត្រីមាសទី៣ ដោយលោកបានបញ្ជាក់ថា សមាមាត្រនៃការលក់របស់ (HYBE) គឺ BTS នៅ ៦០-៦៥ភាគរយ ហើយតារាផ្សេងទៀត គឺប្រហែល ៣៥-៤០ភាគរយ»។

នាយកប្រតិបត្តិរូបនេះ ក៏បានធ្វើការព្យាករណ៍ថា «ឆ្នាំនេះយើងនឹងអាចទទួលបានប្រាក់ចំណេញប្រតិបត្តិការពាក់កណ្តាល ១០ភាគរយ ដោយសារតែការងារផ្សេងរបស់ BTS»។ ប្រាក់ចំណេញប្រតិបត្តិការរបស់ HYBE នៅក្នុងឆមាសទីមួយនៃឆ្នាំនេះគឺ ១៥,៧ភាគរយ។ ដោយសារ Jin ជាសមាជិកដែលមានអាយុច្រើនជាងគេក្នុងក្រុម BTS ដូច្នេះតាមគម្រោង គឺលោកត្រូវចូលបម្រើទ័ពនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ជាហេតុម្ចាស់ភាគហ៊ុនមួយចំនួន ហាក់មានសម្ពាធ និងគិតថាស្ថានភាពអាចនឹងពិបាកនៅឆ្នាំក្រោយ។

គួរជម្រាបថា សមាជិក BTS នឹងបន្តចេញអាល់ប៊ុមទោល បន្ទាប់ពី J-Hope, Jin និង Leader RM (ដែលគ្រោងចេញអាល់ប៊ុមនៅក្នុងពេលឆាប់ៗ)។ ដូច្នេះ Suga, Jimin, V និង Jungkook ក៏នឹងគ្រោងចេញអាល់ប៊ុមម្ដងម្នាក់ ជាបន្តបន្ទាប់នៅឆ្នាំក្រោយ។ HYBE ក៏បានបញ្ជាក់ដែរថា ក្រុមនឹងវិលជុំគ្នាវិញជាប្រាកដនៅឆ្នាំ ២០២៥ ពោលគឺនៅពេលពួកគេបញ្ចប់ កាតព្វកិច្ចពីជួរកងទ័ពចប់សព្វគ្រប់៕