(បរទេស)៖ ទីបំផុតផលិតកម្ម Big Hit Music បានបញ្ជាក់ពីពាក្យចចាមអារ៉ាមដែលកើតឡើងតាំងពីដើមឆ្នាំនេះមកម្ល៉េះ ថា BTS គ្រោងនឹងសម្តែងនៅក្នុងពិធីបើកសម្រាប់ព្រឹត្តិការណ៍ «FIFA World Cup Qatar 2022»។ តែយ៉ាងណានៅពេលនេះ ផលិតកម្មដែលជាជម្រករបស់ BTS បានចេញមកបញ្ជាក់ជាផ្លូវការហើយ ថាថ្វីត្បិតតែក្រុមទាំងមូល នឹងមិនសម្តែងក្នុងពិធីបើកក៏ដោយ ក៏ Jungkook នឹងឡើងឆាកនៃព្រឹត្តិការណ៍នេះ ជាអ្នកតំណាងរបស់ BTS ផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All KPOP នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ពិធីបើកការប្រកួត «FIFA World Cup Qatar 2022» គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា នៅកីឡដ្ឋាន Al Bayt ក្នុងប្រទេសកាតា ចំថ្ងៃតែមួយជាមួយនឹងការប្រកួតបើកឆាកនៃការប្រកួត ដែលជាការប្រកួតរវាងកាតា និងអេក្វាឌ័រ។ បច្ចុប្បន្ននេះ សមាជិកក្រុម BTS ក៏សកម្មក្នុងនាមជាអ្នកផ្សព្វផ្សាយផ្លូវការនៃ «The Goal of the Century» ដែលជាគំនិតផ្តួចផ្តើមនិរន្តរភាពសកលដោយក្រុមហ៊ុន Hyundai Motors ក្នុងភាពជាដៃគូជាមួយ «FIFA World Cup Qatar 2022» ផងដែរ ។
តែយ៉ាងណា សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីបទចម្រៀងសម្រាប់ «FIFA World Cup Qatar 2022» របស់ Jungkook នឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ៕