(ភ្នំពេញ)៖ បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសមន្ត្រីរាជការ ពិតជាធ្លាប់បានដឹងរួចមកហើយ ពាក់ព័ន្ធនឹងប្រាក់ចូលនិវត្តន៍របស់មន្ត្រីរាជការដែលនឹងទទួលបានជារៀងរាល់ខែនៅពេលដល់អាយុ ៦០ឆ្នាំឡើងទៅ។ បន្ថែមពីនេះ ក្នុងពេលថ្មីៗនេះ ដោយមានការគិតគូរពីសុខទុក្ខរបស់កម្មករនិយោជិត រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យដំណើរការនូវរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដោយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) មានកាតព្វកិច្ចក្នុងការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ឱ្យមានប្រសិទ្ធភាព ព្រមទាំងមានកាតព្វកិច្ចប្រមូលភាគទានផ្នែកប្រាក់សោធន សម្រាប់ជាប្រយោជន៍ដល់កម្មករនិយោជិតនៅពេលចាស់ ចាប់ពីអាយុ ៦០ឆ្នាំឡើង ឱ្យមានប្រាក់ចូលនិវត្តន៍។

តើអ្វីទៅជាប្រាក់សោធន? ហើយថាតើកម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីការបង់ភាគទានផ្នែកប្រាក់សោធននេះ?

ដូច្នេះ ដើម្បីយល់ឱ្យបានកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ដែលសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសប្តាហ៍នេះ សូមលើកយកនូវប្រធានបទថ្មីស្ដីពី «ប្រាក់សោធន» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចតទៅ។

ប្រាក់សោធន គឺជាប្រាក់ចូលនិវត្តន៍ដែលកម្មករនិយោជិតទទួលបានជារៀងរាល់ខែ នៅពេលដែលពួកគាត់ដល់អាយុ ៦០ឆ្នាំឡើងទៅ។ ចំណែកឯភាគទានផ្នែកប្រាក់សោធនវិញ គឺសំដៅលើភាគទានដែលសមាជិក ប.ស.ស ត្រូវបង់ចូលមក ប.ស.ស ជារៀងរាល់ខែ ដោយការប្រមូលភាគទានផ្នែកប្រាក់សោធននេះ ធ្វើឡើងក្នុងគោលបំណងទុកសម្រាប់ចំណាយក្នុងការផ្ដល់តាវកាលិកដល់សមាជិក ប.ស.ស និងចំណាយលើប្រតិបត្តិការនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នៅពេលសមាជិក ប.ស.ស ដល់អាយុ ៦០ឆ្នាំឡើងទៅ ឬករណីជរាភាព ឬករណីមានជំងឹមិនអាចធ្វើការបានមុនអាយុ ៦០ឆ្នាំ ឬករណីមរណភាព ជាអាទ៍។ តាវកាលិកផ្នែកប្រាក់សោធនមានដូចជា សោធនជរាភាព វិភាជន៍ជរាភាព សោធនទុព្វលភាព សោធនចំពោះអ្នកនៅក្នុងបន្ទុក និងវិភាជន៍អ្នកនៅក្នុងបន្ទុក។

ជាមួយគ្នានេះ អ្នកមានកាតព្វកិច្ចក្នុងការបង់ភាគទានផ្នែកប្រាក់សោធន គឺជាកាតព្វកិច្ចរួមរបស់និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត។ ភាគទាននេះ ត្រូវបង់ជាប្រចាំខែកំណត់ជាអត្រា ៤% នៃប្រាក់ឈ្នួលជាប់ភាគទានរបស់កម្មករនិយោជិតម្នាក់ៗ ក្នុងអំឡុង ៥ឆ្នាំដំបូង ដោយនិយោជកមានកាតព្វកិច្ចទទួលបន្ទុក ២% ហើយនិយោជិត មានកាតព្វកិច្ចទទួលបន្ទុក ២%។

និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវមានកាតព្វកិច្ចប្រមូល និងបង់ភាគទានផ្នែកប្រាក់សោធននៃចំណែករបស់ខ្លួន និងជាចំណែករបស់កម្មករនិយោជិត មកក្នុងគណនី ប.ស.ស នៃធនាគារដៃគូ យ៉ាងយូរត្រឹមថ្ងៃទី១៥ នៃខែបន្ទាប់។ ករណីនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងឡាយណាដែលមានបំណងបង់ភាគទាននេះប្រចាំឆ្នាំ ត្រូវស្នើសុំមក ប.ស.ស ដោយកាលបរិច្ឆេទបង់គិតចាប់ពីកាលបរិច្ឆេទស្នើសុំ។

ការស្នើសុំបង់ជាប្រចាំឆ្នាំ និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

* និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលមានកាតព្វកិច្ចបង់ភាគទានជាប្រចាំខែ ត្រូវផ្ដល់របាយការណ៍អំពីចំនួនកម្មករនិយោជិតទាំងអស់មក ប.ស.ស យ៉ាងយូរត្រឹមថ្ងៃទី២០ នៃខែបន្ទាប់។

* និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលបង់ភាគទានជាប្រចាំឆ្នាំត្រូវ៖
១៖ ករណីមិនមានចលនាចេញ ចូលរបស់បុគ្គលិក និយោជកត្រូវរាយការណ៍រៀងរាល់ ១២ខែម្ដង។
២៖ ករណីមានចលនាចេញ ចូលរបស់បុគ្គលិក និយោជកត្រូវរាយការណ៍រៀងរាល់ ១៥ថ្ងៃម្ដង បន្ទាប់ពីមានបម្រែបម្រួល។
(ចំពោះទម្រង់ និងបែបបទនៃការរាយការណ៍អំពីចំនួនកម្មករនិយោជិត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)

* និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវផ្ដល់សៀវភៅបើកប្រាក់ ឬតារាងបើកប្រាក់ឈ្នួល ជាទម្រង់អេឡិចត្រូនិច ឬឯកសារបើកប្រាក់ផ្សេងទៀតតាមខែនីមួយៗ ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងៗមក ប.ស.ស ដើម្បីត្រួតពិនិត្យតាមការស្នើសុំ។

ក្រៅពីនេះ ដើម្បីទទួលបានប្រាក់ផ្នែកសោធន កម្មករនិយោជិតត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

១៖ ប្រាក់សោធនជរាភាព៖ កម្មករនិយោជិតដែលជាសមាជិក ប.ស.ស មានសិទ្ធិទទួលបានប្រាក់សោធនជរាភាព លុះត្រាតែបានចុះបញ្ជីក្នុងផ្នែកប្រាក់សោធន មានអាយុយ៉ាងតិច ៦០ឆ្នាំ និងបានបង់ភាគទានផ្នែកប្រាក់សោធនយ៉ាងតិច ១២ខែ ។ ចំណែកឯកម្មករនិយោជិតដែលជាសមាជិក ប.ស.ស ដែលមិនបានបំពេញលក្ខខណ្ឌខាងលើ ត្រូវទទួលបានជាវិភាជន៍ជរាភាព។ ទម្រង់ទាមទារតាវកាលិកសោធនជរាភាព ត្រូវបំពេញមុនកាលបរិច្ឆេទទទួលបានសិទ្ធិមុន ៣ខែ រីឯទម្រង់ទាមទារវិភាជន៍ជរាភាព ត្រូវបំពេញក្នុងអំឡុងពេល ១ខែ ក្រោយអាយុ ៦០ឆ្នាំ។ ការគណនា មានកំណត់ក្នុងអនុក្រឹត្យលេខ ៣២ អនក្រ.បក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ស្ដីពី របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន។

២៖ សោធនទុព្វលភាព៖ កម្មករនិយោជិតដែលជាសមាជិក ប.ស.ស ដែលធ្លាក់ខ្លួនទ្រុឌទ្រោមធ្ងន់ធ្ងរ មានសិទ្ធិទទួលបានសោធនទុព្វលភាព លុះត្រាតែបានចុះបញ្ជីក្នុងផ្នែកប្រាក់សោធន បានបង់ភាគទានផ្នែកប្រាក់សោធនយ៉ាងតិច ៦០ខែ មុនកាលបរិច្ឆេទទទួលរងទុព្វលភាព។ ទម្រង់ទាមទារតាវកាលិកសោធនទុព្វលភាព ត្រូវបំពេញក្នុងអំឡុងពេល ១ខែ គិតចាប់ពីកាលបរិច្ឆេទទ្រុឌទ្រោមធ្ងន់ធ្ងរ ដោយអាចស្នើសុំដោយអ្នកតំណាងស្របច្បាប់បាន។ បន្ថែមពីនេះ កម្រិតអប្បបរមានៃសោធនទុព្វលភាពត្រូវកំណត់ស្មើនឹង ៤៥% នៃប្រាក់ឈ្នួលមធ្យមបង់ភាគទានរបស់សាមីជន។

៣៖ សោធនឧត្តរជីវី៖ កម្មករនិយោជិតដែលជាសមាជិក ប.ស.ស ទទួលមរណភាព ឬសាមីជនជាសោធនិកជរាភាព ឬទុព្វលភាព ដែលបានបង់ភាគទានយ៉ាងតិច ៦០ខែ។ ករណីនេះ សិទ្ធិវន្តនៃសោធនឧត្តរជីវី មានសហព័ទ្ធ និងកូន នោះសិទ្ធិទទួលបានសោធនឧត្តរជីវីត្រូវបានកំណត់ ដោយសហព័ន្ធទទួលបាន ៥០% ហើយកូនទទួលបាន ៥០% ប៉ុន្ដែករណីសិទិ្ធវន្តមានតែសហព័ទ្ធ ឬកូន ត្រូវទទួលបាន ១០០%។ ទម្រង់ទាមទារតាវកាលិក ត្រូវបំពេញក្នុងអំឡុងពេល ៣ខែ បន្ទាប់ពីកាលបរិច្ឆេទនៃមរណភាពរបស់សមាជិក ប.ស.ស ឬសាមីជនជាសោធនិកជរាភាព ឬទុព្វលភាព ដែលបានបង់ភាគទានយ៉ាងតិច ៦០ខែ។

៤៖ វិភាជន៍បូជាសព៖ សិទ្ធិវន្តនៃសោធនឧត្តរជីវី មានសិទ្ធិទទួលបានវិភាជន៍បូជាសព ប៉ុន្ដែប្រសិនបើសិទ្ធិវន្តនោះមិនបានបំពេញទេ នោះវិភាជន៍បូជាសពត្រូវផ្ដល់ដល់ជនណាដែលបានចាត់ចែងបូជាសពសាមីជនដោយផ្ទាល់ ដោយអ្នកស្នើសុំត្រូវ៖ ជូនដំណឹងមក ប.ស.ស អំពីមរណភាពរបស់សោធនិកជរាភាព ឬទុព្វលភាព ក្នុងរយៈពេលយ៉ាងយូរ ២សប្តាហ៍ គិតចាប់ពីថ្ងៃទទួលមរណភាព និងត្រូវបំពេញទម្រង់ស្នើសុំវិភាជន៍បូជាសព ដោយភ្ជាប់នូវសំបុត្រមរណភាព ឬឯកសារផ្សេងៗដែលទទួលស្គាល់ដោយ ប.ស.ស។ វិភាជន៍បូជាសព ត្រូវកំណត់ស្មើនឹង ០៥ (ប្រាំ) ខែ ចុងក្រោយនៃសោធនរបស់សាមីជន រីឯវិភាជន៍បូជាសពនៃសោធនិកជរាភាព ឬសោធនិកទុព្វភាព ជាអប្បបរមាស្មើនឹង ២.០០០.០០០៛ (ពីរលានរៀល)។ ចំពោះនីតិវិធី និងបែបបទនៃការផ្ដល់តាវកាលិកវិភាជន៍បូជាសពត្រូវកំណត់ដោយប្រកាសលេខ ១៦៩/២២ ក.ប/ប្រ.ក.ប.ស.ស ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ស្ដីពី បែបបទ និងនីតិវិធីនៃការផ្ដល់វិភាជន៍បូជាសពនៃរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារ។

កាលបរិច្ឆេទចាប់ផ្ដើមបង់ភាគទានតាមរបបភាគទានជាកាតព្វកិច្ច និងតាមរបបភាគទានដោយស្ម័គ្រចិត្ត ត្រូវអនុវត្តចាប់ផ្ដើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ តទៅ។ ចំពោះប្រាក់ឈ្នួលជាប់ភាគទានជាអប្បបរមាត្រូវស្មើនឹង ៤០០.០០០៛ (បួនសែនរៀល) និងប្រាក់ឈ្នួលជាប់ភាគទានពិតានត្រូវស្មើនឹង ១.២០០.០០០៛ (មួយលានពីរសែនរៀល) (អនុក្រឹត្យលេខ ១៤៤ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ស្ដីពី ការកំណត់ប្រាក់ឈ្នួល ឬប្រាក់បៀវត្សជាប់ភាគទាន)។ ដោយឡែក ចំពោះសមាជិកប.ស.ស ដែលមានអាយុ ៦០ឆ្នាំឡើង និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន មិនមានកាតព្វកិច្ចបង់ភាគទានផ្នែកប្រាក់សោធនតាមរបបជាប់កាតព្វកិច្ចទៀតទេ ប៉ុន្ដែចំពោះសមាជិក ប.ស.ស ទាំងឡាយណាដែលមានអាយុ ៦០ឆ្នាំឡើង គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ មានសិទ្ធិស្នើសុំចុះបញ្ជី និងបង់ភាគទានផ្នែកប្រាក់សោធនតាមរបបភាគទានស្ម័គ្រចិត្ត ដោយការស្នើសុំនេះមានរយៈពេល ១២ (ដប់ពីរ) ខែ គិតចាប់ពីកាលបរិច្ឆេទនៃប្រកាសលេខ ១៦៨/២២ ក.ប/ប្រ.ក.ប.ស.ស ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ស្ដីពី បែបបទ និងនីតិវិធីនៃការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងការបង់ភាគទាន សម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារ ក្នុងបេឡាជាតិសន្ដិសុខសង្គម ចូលជាធរមាន។

សរុបរួមមក ប្រាក់សោធន ជាអត្ថប្រយោជន៍ដែលកម្មករនិយោជិតជាសមាជិក ប.ស.ស ទទួលបានជាប្រាក់ចូលនិវត្តន៍ (ប្រាក់អាត្រែត) នៅពេលដល់អាយុ ៦០ឆ្នាំឡើងទៅ ទៅតាមលក្ខខណ្ឌរៀងៗខ្លួន។ ចំណែកឯភាគទានផ្នែកប្រាក់សោធនវិញ ជាភាគទានជាប់កាតព្វកិច្ច ចំពោះនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ឬសមាជិក ប.ស.ស ទាំងឡាយណាដែលមានអាយុ ៦០ឆ្នាំឡើង ដែលស្នើសុំចុះបញ្ជី និងបង់ភាគទានផ្នែកប្រាក់សោធន តាមរបបភាគទានស្ម័គ្រចិត្តទាំងឡាយណា ដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ ដែលត្រូវបង់ភាគទាននេះចូលមក ប.ស.ស ជារៀងរាល់ខែ តាមរយៈធនាគារដៃគូនៃ ប.ស.ស។ ដោយឡែក ចំពោះអត្រាភាគទានដែលត្រូវបង់ និងការផ្ដល់ភាគទាន យើងគប្បីអនុវត្តតាមអនុក្រឹត្យលេខ ៣២ អនក្រ.បក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ស្ដីពី របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន។

រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group៕