(ឡុងដ៏)៖ ក្លិប Manchester United បានបន្តឈរតំណែងលេខ៥ ក្នុងលីគអង់គ្លេស Premier League បន្ទាប់ពីយកឈ្នះក្រុម Fulham ២-១ នៃសប្តាហ៍ទី១៥ ជើងទី១ ដែលជាការរួមចំណែកយ៉ាងអស្ចារ្យពីការស៊ុតបានសម្រេចដោយកីឡាករបម្រុងវ័យក្មេង Garnacho នៅនាទីបន្ថែមចុងម៉ោង៩០+៣។
នេះជាការរកបានលទ្ធផលល្អរបស់ក្លិបដែលដឹកនាំដោយលោក Erik Ten Hag ក្នុងការបន្ថែមបាន ៣ពិន្ទុយ៉ាងសំខាន់ក្នុងលីគកំពូល Premier League មុនពេលព្រឹត្តិការណ៍ FIFA World Cup 2022 ចូលមកដល់នៅសប្តាហ៍ក្រោយនេះ។
លទ្ធផល ២គ្រាប់របស់ Manchester United រកបានដោយខ្សែបម្រើ Christian Eriksen នៅនាទី១៤ និងជាគ្រាប់ដំបូងរបស់រូបគេផងដែរសម្រាប់ក្លិបបិសាចក្រហម ពេលគ្រាប់ជ័យជម្នះធ្វើបានដោយកីឡាករវ័យ ១៨ឆ្នាំ Garnacho នៅនាទី៩០+៣ ខណៈដែលក្លិប Fulham រកបាន ១គ្រាប់ដោយកីឡាករ Dan James នៅនាទី៦១។
គួរបញ្ជាក់ផងថា សម្រាប់ ៥ក្រុមកំពូលតារាងលីគអង់គ្លេស Premier League ក្នុងនោះមានក្លិប Arsenal រកបាន ៣៧ពិន្ទុ, Manchester City ឈរលេខ២ រកបាន ៣២ពិន្ទុដោយក្លិប Newcastle United តាមពីក្រោយ ៣០ពិន្ទុ ហើយក្លិប Tottenham Hotspur រកបាន ២៩ពិន្ទុ និងក្លិប Man United រកបាន ២៦ពិន្ទុបណ្តោះអាសន្ន៕
លីគ Premier League និងត្រូវសម្រាករយៈពេល ៦សប្តាហ៍ដោយមិនការប្រកួតក្នុងស្រុករហូតដល់ថ្ងៃទី២៦ ខែធ្នូ ដោយការប្រកួត FIFA World Cup 2022 និងចូលចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកាដល់ថ្ងៃទី១៨ ខែធ្នូខាងមុខនេះ៕