(បរទេស)៖ កាលពីពេលថ្មីៗនេះមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងក្នុងប្រទេសចិន ដែលបណ្តាលឱ្យមានមនុស្ស ២នាក់ស្លាប់ និង ៣នាក់រងរបួស ខណៈដែលដើមហេតុត្រូវបានគេអះអាងថាបណ្តាលមកពីការបញ្ហាហ្វ្រាំងរថយន្ត Model Y របស់ក្រុមហ៊ុន Tesla។ ដោយឡែកកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានឱ្យដឹងថា ខ្លួននឹងជួយប៉ូលីសក្នុងការស៊ើបអង្កេតលើករណីនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃទី០៥ ខែវិច្ឆិកា កន្លងទៅនេះ ដែលស្ថិតនៅក្នុងខេត្តក្វាងទុងភាគខាងត្បូង ដែលឈានដល់ការបាត់បង់ជីវិតក្មេងស្រីវិទ្យាល័យម្នាក់ និងអ្នកបើកបរម៉ូតូម្នាក់ នេះបើតាមការសារព័ត៌មាន Jimu News បានរាយការណ៍ ដោយបង្ហោះវីដេអូនៃរថយន្តមួយគ្រឿងបានបើកបរក្នុងល្បឿនលឿនបុករថយន្តផ្សេងទៀត និងអ្នកជិះកង់ម្នាក់។

បន្ថែមពីនេះទៅទៀត Jimu News បានដកស្រង់ពាក្យសំដីប៉ូលីសចរាចរណ៍បានឱ្យដឹងថា មូលហេតុនៃឧប្បត្តិហេតុនៅក្នុងទីក្រុង Chaozhou នេះគឺដោយសារតែបញ្ហាឈ្នាន់ហ្រ្វាំង ដែលត្រូវបានបើកបរដោយបុរសអាយុ ៥៥ឆ្នាំម្នាក់ ខណៈអ្នកបើកបរមិនត្រូវបានគេបញ្ជាក់ពីអត្តសញ្ញាណ។

យ៉ាងណាមិញបើយោងតាមវីដេអូដែលបានបង្ហោះនោះ Tesla បាននិយាយថា ភ្លើងហ្វ្រាំងរបស់រថយន្តមិនបានបើកនៅពេលដែលរថយន្តកំពុងបើកបរក្នុងល្បឿនលឿន ហើយបើតាមទិន្នន័យពីវីដេអូនោះហាក់មិនមានសកម្មភាពចាប់ហ្វ្រាំងទាល់តែសោះ។ តែយ៉ាងណាបញ្ហានេះកំពុងស្ថិតក្នុងការស៊ើបអង្កេត ប្រសិនគេរកឃើញថា ការអះអាងរបស់អ្នកបើកបរមិនសមស្របនឹងការពិតនោះ ម្ចាស់រថយន្តជនជាតិចិននឹងត្រូវបានតុលាការបញ្ជាឱ្យសុំទោសជាសាធារណៈ និងផ្តល់សំណងដល់ក្រុមហ៊ុនថែមទៀតផង៕