(កូរ៉េ)៖ ក្រុមអយ្យការក្នុងប្រទេសកូរ៉េខាងត្បូង បានទាមទារឲ្យ អតីតអ្នកគ្រប់គ្រងផលិតកម្ម YG គឺលោក Yang Hyun Suk ជាប់ពន្ធនាការយៈពេល៣ឆ្នាំ បន្ទាប់ពីរកឃើញថា លោកមានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងគ្រឿងញៀនរបស់អតីតសមាជិកក្រុមចម្រៀង iKON លោក B.I។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមព័ត៌មានដែលទើបតែចេញផ្សាយ បានឲ្យដឹងថា អយ្យការក្នុងប្រទេកូរ៉េខាងត្បូង បានទាមទារឱ្យ Yang Hyun Suk ជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទបង្កាច់បង្ខូច និងការគំរាមកំហែងនៃការសងសឹកក្រោមច្បាប់ដាក់ទណ្ឌកម្មធ្ងន់ធ្ងរ។ ថ្ងៃ​នេះ ​គឺ​ជា​ការ​ជំនុំ​ជម្រះ​លើក​ទី​១៤ និង​ចុង​ក្រោយ​ក្នុង​ករណី​នេះ។ ត្រឡប់ទៅខែមិថុនា ឆ្នាំ២០២១ លោកត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ង បិទបាំងការចោទប្រកាន់ ករណីគ្រឿងញៀន ប្រឆាំងនឹង B.I ដែលលោកបានបដិសេធ។

លោក Yang Hyun Suk ត្រូវបានគេចោទប្រកាន់ថាបានគំរាម Han Seo Hee ឱ្យផ្លាស់ប្តូរសក្ខីកម្មរបស់នាង បន្ទាប់ពីនាងត្រូវបានគេបង្ហាញថា មានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ៕