(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យជាតិមានជ័យ មានរៀបចំមហោស្រពវប្បធម៌ចិន និងផ្សព្វផ្សាយអាហារូបករណ៍ និងការសិក្សានៅប្រទេសចិន ក្រោមអធិបតីភាពលោក ជីវ សារិទ្ធ តំណាងលោក សុខ ឃន ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ និងលោកសាស្ត្រាចារ្យ អ៊ី យ៉ុងជុង ប្រធានវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។

ក្នុងឱកាសនោះ លោកជីវ សារិទ្ធ បានប្រាប់ឲ្យដឹងថា មហោស្រពនេះ កើតឡើងក្រោមកិច្ចសហការរវាងដេប៉ាតឺម៉ង់ភាសាចិន នៃសាកលវិទ្យាល័យជាតិមានជ័យ និងវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដោយមានការរៀបចំសំដែងសិល្បៈ និងការចូលរួមសំដែងពីក្រុមសិល្បៈមកពីវិទ្យាល័យម៉េងហួណ័រវ៉េស្ទ។

កម្មវិធីនេះ ក៏មានការចូលរួមពីព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ប្រធានការិយាល័យ នាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និស្សិត និងសិស្សានុសិស្សមកពីវិទ្យាល័យសិរីសោភ័ណ វិទ្យាល័យ ហ៊ុន សែន ខ្លាកូន វិទ្យាល័យសម្តេចឪ វិទ្យាល័យសន្ត សាវីយេ វិទ្យាល័យសកពនអូរអំបិល វិទ្យាល័យសុវណ្ណភូមិ និងវិទ្យាល័យម៉េងហួណ័រវ៉េស្ទចំនួន២៤៥នាក់។

លោក ជីវ សារិទ្ធ បានបន្ថែមទៀតថា ស្ថាប័នអប់រំទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) សហការផ្តល់នូវការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រភាសាចិន វគ្គខ្លីភាសាចិន គ្រប់កម្រិត និងកែលម្អកម្មវិធីសិក្សាសំដៅផលិតធនធានមនុស្សប្រកបជំនាញ​ពិតប្រាកដមានសក្តានុពលស្របតាម​ទីផ្សារការងារដើម្បីចូលរួមប្រកួតប្រជែងរដណ្តើមទីផ្សារការងារនាពេលបច្ចុប្បន្ននិងពេលអនាគត។

ជាមួយគ្នានេះ លោក ជីវ សារិទ្ធ បានថ្លែងសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះ ជាការបើកទំព័រថ្មីមួយនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យជាតិមានជ័យ ជាមួយវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ការបណ្តុះបណ្តាលភាសាចិនដល់សិស្ស និស្សិត នៅសាកលវិទ្យាល័យជាតិមានជ័យ និងផ្តល់ចំណេះដឹង ចែករំលែកបទពិសោធពីប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌នៃប្រទេសយើងទាំងពីរកម្ពុជា-.ចិន ស្វែងយល់ពីការទទួលអាហារូបករណ៍ និងការសិក្សានៅប្រទេសចិន ផ្សព្វផ្សាយពីឱកាសការងារទីផ្សារក្នុងប្រទេស និងតំបន់ផងដែរ៕