(សេអ៊ូល)៖ ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង កីឡាករ Son Heung-min បានលើកឡើងថា លោកមិនច្បាស់នោះទេ ថាតើលោកអាចលេងបានគ្រប់ការប្រកួតទាំងអស់របស់ពួកគេ នៅព្រឹត្តិការណ៍ World Cup នាប្រទេសកាតា ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ បន្ទាប់ពីលោកបានទទួលការវះកាត់ក្នុងខែនេះ ដើម្បីរក្សាលំនឹងការបាក់ឆ្អឹងនៅរង្វង់ភ្នែកខាងឆ្វេង។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

Son ត្រូវបានដាក់បញ្ចូលក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូង សម្រាប់ព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ បើទោះបីជាបានរងការបាក់ឆ្អឹងរន្ធភ្នែក ដោយសារការលេងឲ្យក្លិប Tottenham Hotspur ក្នុងលីគ UEFA Champions League កាលពីដើមខែនេះក៏ដោយ។

ខ្សែបម្រើវ័យ ៣០ឆ្នាំ ដែលនឹងពាក់ម៉ាស់ការពារលើរង្វង់ភ្នែកអំឡុងពេលការប្រកួតរបស់កូរ៉េខាងត្បូង នៅប្រទេសកាតារូបនេះ បានចូលរួមហ្វឹកហាត់ជាលើកដំបូងរបស់លោកជាមួយនឹងក្រុម នៅទីក្រុង Doha នាថ្ងៃពុធម្សិលមិញ។

«ខ្ញុំមិនមែនជាវេជ្ជបណ្ឌិតនោះទេ។ វាពិបាកសម្រាប់ខ្ញុំក្នុងការនិយាយថា នៅពេលណាដែលខ្ញុំអាចលេងបាន» នេះបើតាមសម្តី Son បានប្រាប់អ្នកសារព័ត៌មាន។ «ខ្ញុំនឹងលេងឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន ស្ថិតក្នុងកាលៈទេសៈនេះ ប៉ុន្តែវាពិបាកណាស់សម្រាប់ខ្ញុំក្នុងការនិយាយថា ខ្ញុំនឹងលេងបានគ្រប់ប្រកួតនោះ»

សូមជម្រាបថា កូរ៉េខាងត្បូង នឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេ ជាការប្រកួតសន្សំក្នុងពូល H ប៉ះក្រុមអ៊ុយរូហ្គាយនៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ៕