(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថា ក្រុមហ៊ុនសហការរួមគ្នា PT Indika Energy និងក្រុមហ៊ុន Foxconn ដែលជាដៃគូរផលិតរថយន្តអគ្គិសនីរួមគ្នានៅលើទឹកដីប្រទេសឥណ្ឌូនេស៊ី ពេលនេះកំពុងពិចារណាគ្រោងនាំយកក្រុមហ៊ុនថៃមួយទៀតជាដៃគូរទីបីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

កាលពីខែកញ្ញាកន្លងទៅក្រុមហ៊ុនរ៉ុករករ៉ែ Indika របស់ប្រទេសឥណ្ឌូនេស៊ី និងក្រុមហ៊ុនផលិតបន្ទះឈីប Foxconn របស់តៃវ៉ាន់បានចាប់ផ្តើមបណ្តាក់ទុនរួមគ្នាដែលមានតម្លៃប្រមាណ ២ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតអាគុយអគ្គិសនី និងកន្លែងផ្ទុកថាមពលនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

យ៉ាងណាមិញនៅក្នុងកិច្ចប្រជុំ G20 នៅថ្ងៃពុធនេះ លោក Arsjad Rasjid ដែលជាប្រធានក្រុមហ៊ុន Indika បានប្រាប់ Reuters នៅក្នុងបទសម្ភាសន៍មួយថា ក្រុមហ៊ុនរបស់លោក និងដៃគូរសហការ Foxconn កំពុងពិចារណាលើការចាប់ដៃគូរសហការមួយទៀតជាមួយក្រុមហ៊ុនថៃ ដោយលោកបានលើកឡើងថា «យើងដឹងថាកន្លែងដែលសម្បូរវត្ថុធាតុដើមបំផុតសម្រាប់ផលិតរថយន្តនៅក្នុងអាស៊ាននោះគឺប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ…ជំនួសឱ្យការប្រកួតប្រជែង ហេតុអ្វីបានជាយើងមិនបំពេញបន្ថែមនូវការសហការរួមគ្នា»។ តែយ៉ាងណាលោក Arsjad បានបដិសេធមិនបញ្ចេញឈ្មោះក្រុមហ៊ុនថៃ ឬគោលដៅណាមួយសម្រាប់បញ្ចប់ភាពជាដៃគូរនោះទេ ខណៈលោកបានបង្ហើបឱ្យដឹងថានេះ ជាពេលវេលាដែលកំពុងស្ថិតក្នុងការចរចារ។

បន្ថែមពីនេះទៅទៀតលោក Arsjad បានគូសបញ្ជាក់ថា ការបណ្តាក់ទុនរួមគ្នានេះទំនងជាផ្តោតលើការផលិតរថយន្តក្រុងអគ្គិសនីនៅក្នុការផលិតដំបូងរបស់ខ្លួន ហើយក្រោយមកអាចនឹងបន្ថែមទៅជាការផលិតរថយន្តដឹកទំនិញអគ្គិសនីផងដែរ៕