(ភ្នំពេញ)៖ ការប្រកួតដណ្តើមពានរង្វាន់ជម្រេីសជេីងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ ក្នុងចំណោមTOP4 ក្លិបវិសាខា សម្រេសរកបាន ៣ពិន្ទុបន្ថែមទៀត ដោយបានឡើងឈរនៅកំពូលតារាងលីគវិញ ក្រោយពីបានយកឈ្នះក្រុមម្ចាស់ផ្ទះ បឹងកេត នៅក្នុងលទ្ធផល ២-១ កាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ក្នុងទឹកដីនៃកីឡដ្ឋាន ខេមបូឌាអ៊ែរវ៉េ។
ទាក់ទងទៅនិងការប្រកួតយ៉ាងស្វិតស្វាញរបស់ក្រុមទាំងពីរ ក្នុងតង់ទី១ មិនមានក្រុមណាមួយរកគ្រាប់បាល់បាននោះទេ លុះចូលដល់តង់ទី២ មិនទាន់បានក្តៅសាច់ផង ក្រុមវិសាខា បានបើកនាំមុនមួយគ្រាប់មុន ដែលជាការស៊ុតទាត់បញ្ចូលទីបានសម្រេចដោយកីឡាករ PAULO VICTOR ពាក់អាវលេខ៩៤ នៅនាទីទី៥៦ ខណៈដែលការប្រជែងមិនបានប៉ុន្មាននាទីផង ក្រុមម្ចាស់ផ្ទះបឹងកេត បានវាយបកមួយគ្រាប់តាមស្មើមកវិញ នៅនាទីទី៦៣ ជាការស៊ុតរបស់ម្ចាស់អាវពាក់លេខ៩ កីឡាករ សៀង ចន្ធា ខណះពេលដែលកីឡាករ PAULO VICTOR បានបន្ថែមគ្រាប់ទី២ របស់ខ្លួននៅនាទីទី៧៩ និងធ្វើអោយក្រុមទទួលបានជ័យជម្នះតែម្តង។
គួររលឹកផងដែរថា ក្រុមវិសាខា កាលពីសប្តាហ៍ទី២៣ ក៏បានយកឈ្នះក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ១-០ កាលពីថ្ងៃសោរ៍ ទី១២ ខែវិច្ឆិកា កន្លងទៅ នៅទឺកដីកីឡដ្ឋាន ព្រីសន៍។ វិសាខា ក្រោយពីបានឆ្លងកាត់ ២៤ប្រកួតមកនេះ រកបានលទ្ធផលឈ្នះ១៤ ស្មើ៤ ចាញ់៦ កំពុងឈរនៅកំពូលតារាងលេខ១ (TOP4) ជាបណ្តោះអាសន្ន និងរកបាន ៤៦ពិន្ទុ។
ចំណែកឯកក្រុមបឹងកេត វិញកាលពីសប្តាហ៍ទី២៣ បានលេងស្មើជាមួយក្រុមភ្នំពេញក្រោន ក្នុងលទ្ធផល ១-១ កាលពីថ្ងៃថ្ងៃសោរ៍ ទី១២ ខែវិច្ឆិកា កន្លងទៅ នៅទឹឹកដីកីឡដ្ឋាន ខេមបូឌាអ៊ែរវ៉េ។ បឹងកេតឆ្លងកាត់ ២៤ប្រកួតមកនេះដូចគ្នា ឈ្នះ១១ ស្មើ៦ ចាញ់៧ ឈរនៅចំណាត់ថ្នាក់លេខ៤ TOP4 មាន៣៩ពិន្ទុ។
ខាងក្រោមនេះជាលទ្ធផលសរុបរបស់ក្រុមទាំង៤ សម្រាប់សប្តាហ៍ទី២៤ នៃពានរង្វាន់ជម្រេីសជេីងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ រួមមាន៖
១៖ បឹងកេត ១-២ វិសាខា
២៖ ព្រះខ័នរាជស្វាយរៀង ២-៥ ភ្នំពេញក្រោន៕