(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបកំពូល Nvidia បានរាយការណ៍ពីលទ្ធផលត្រីមាសទី៣ ដែលបានបញ្ចប់កាលពីខែតុលាកន្លងទៅ ជាមួយនឹងការលក់លើសពីការរំពឹងទុក ខណៈដែលក្រុមហ៊ុនអាមេរិកមួយចំនួនទៀតកំពុងប្រឈមមុខនឹងហានិភ័យក្ស័យធន។ ពោលគឺប្រាក់ចំណូលរបស់ Nvidia នៅត្រីមាសមុននេះកើនឡើងរហូតដល់ ៣១ភាគរយឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

បើយោងតាមទិន្នន័យរបស់ Refinitiv បានឱ្យដឹងថា ប្រាក់ចំណូលរបស់ Nvidia សម្រាប់ត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែតុលា មានចំនួន ៥.៩៣ពាន់លានដុល្លារ ខណៈដែលរបាយការណ៍ធ្លាប់ចេញផ្សាយកន្លងមកអ្នកវិភាគបានរំពឹងថា ក្រុមហ៊ុនឈីបអាមេរិកនេះនឹងរកបានត្រឹមតែចំនួន ៥.៧៧ពាន់លានដុល្លារប៉ុណ្ណោះ។

ទន្ទឹមនឹងការប្រកាសចេញលទ្ធផលក្នុងរយៈពេល ៣ខែមុននេះ ភាគហ៊ុនរបស់ Nvidia បានកើនឡើង ១ភាគរយបន្ថែមទៀត ដែលវាជាក្តីសង្ឃឹមកាន់តែខ្ពស់សម្រាប់ក្រុមហ៊ុននេះ នឹងបានព្យាករណ៍ថាប្រាក់ចំណូលរបស់ខ្លួនអាចនឹងកើនឡើងដល់ ៦.០៩ពាន់លានដុល្លារ ក្នុងត្រីមាសបច្ចុប្បន្ននេះ។

យ៉ាងណាមិញជុំវិញការកើនឡើងប្រាក់ចំណូលក្នុងចំនួនដល់ច្រើននេះ ត្រូវបានប្រភពអះអាងថា ទាំងនេះក៏ដោយសារតែតម្រូវការខ្លាំងនៅក្នុងអាជីវកម្ម Data Center រួមជាមួយនឹងអាជីវកម្ម Cloud។ តែទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុននេះក៏នៅតែមានការព្រួយបារម្មណ៍ខ្ពស់ចំពោះច្បាប់រឹតបន្តឹងរបស់សហរដ្ឋអាមេរិកដែលចេញការហាមប្រាមការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន ពោលគឺ Nvidia កំពុងព្រួយបារម្មណ៍ទៅលើបន្ទះឈីបប្រភេទថ្មីរបស់ខ្លួន A100 ឬហៅថា A800នោះ។

គួរបញ្ជាក់ដែរថា នៅក្នុងកំណត់ត្រាមួយកាលពីខែតុលា ធនាគារវិនិយោគឯករាជ្យពហុជាតិ និងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុរបស់អាមេរិក Jefferies Group LLC បានឱ្យដឹងថា ចំណែកទីផ្សាររបស់ Nvidia គិតត្រឹមខែសីហា ផ្នែកផលិតបន្ទះឈីបបានបង្កើនល្បឿននៅក្នុងហេដ្ឋារចនាសម្ព័ន្ធ Cloud ធំបំផុតទាំង ៦របស់ពិភពលោកបានកើនឡើងដល់ទៅ ៨៥ភាគ ខណៈលទ្ធផលនេះគឺជាជោគជ័យដ៏ធំមួយសម្រាប់ Nvidia ដែលទទួលបានក្នុងឆ្នាំ២០២២នេះ៕