(ពិភពលោក)៖ ព្រឹត្តិការណ៍បាល់ទាត់ដណ្តើមពាន FIFA World Cup 2022 ដ៏រំជើបរំជួល នឹងចាប់ផ្តើមការប្រកួតជាផ្លូវការនៅក្នុងរយៈពេលតែ ៣ថ្ងៃទៀត ខណៈក្នុងប្រវត្តិសាស្ត្រនៃកំណត់ត្រាកីឡាករស៊ុតបញ្ចូលទីក្មេងជាងគេនោះ គឺអតីតវីរបុរសជម្រើសជាតិប្រេស៊ីល Pele ដែលលោកបានស៊ុតគ្រាប់បញ្ចូលទីក្នុងវ័យ ១៧ឆ្នាំនិង ២៣៩ថ្ងៃ។
លោក Pele បានស៊ុតគ្រាប់បាល់បញ្ចូលទីក្នុងវ័យ ១៧ឆ្នាំ និង ២៣៩ថ្ងៃ នៅថ្ងៃទី១៩ ខែមិថុនានៅព្រឹត្តិការណ៍ World Cup 1958 ក្នុងការប្រកួតធ្វើឡើងនៅប្រទេសស៊ុយអែត ហើយក្រុមជម្រើសជាតិប្រេស៊ីល ដណ្តើមបានជើងឯក។
សូមបញ្ជាក់ផងថា លោក Pele បានឈ្នះពានរង្វាន់ World Cup ចំនួន ៣លើកជាមួយជម្រើសជាតិប្រេស៊ីល នៅឆ្នាំ១៩៥៨, ១៩៦២ និងឆ្នាំ១៩៧០ ខណៈក្រុមសាំបាប្រេស៊ីល ជាក្រុមលើកពាននេះច្រើនជាងគេដល់ទៅ ៥ដងក្នុងប្រវត្តិសាស្ត្រ។
ខាងក្រុមនេះជាកីឡាករទាំង ១០នាក់ដែលស៊ុតបាល់បញ្ចូលទីនៅព្រឹត្តិការណ៍ World Cup ក្មេងជាងគេ៖
១៖ Pele (ប្រេស៊ីល) មានវ័យ ១៧ឆ្នាំនិង ២៣៩ថ្ងៃ (World Cup 1958)
២៖ Manuel Rosas (ម៉ិកស៊ិក) មានវ័យ ១៨ឆ្នាំនិង ៩៣ថ្ងៃ (World Cup 1930)
៣៖ Michael Owen (អង់គ្លេស) មានវ័យ ១៨ឆ្នាំនិង ១៩១ថ្ងៃ (World Cup 1998)
៤៖ Nicolas Kovacs (រូម៉ានី) មានវ័យ ១៨ឆ្នាំនិង ១៩៨ថ្ងៃ (World Cup 1930)
៥៖ Dimitri Sychev (រុស្ស៊ី) មានវ័យ ១៨ឆ្នាំនិង ២៣២ថ្ងៃ (World Cup 2002)
៦៖ Lionel Messi (អាហ្សង់ទីន) មានវ័យ ១៨ឆ្នាំនិង ៣៥៨ថ្ងៃ (World Cup 2006)
៧៖ Julian Green (សហរដ្ឋអាមេរិក) មានវ័យ ១៩ឆ្នាំនិង ២៥ថ្ងៃ (World Cup 214)
៨៖ Divock Origi (ប៊ែលហ្ស៊ិក) មានវ័យ ១៩ឆ្នាំនិង ៦៥ថ្ងៃ (World Cup 2014)
៩៖ Martin Hoffmann (អាល្លឺម៉ងខាងកើត) មានវ័យ ១៩ឆ្នាំនិង ៨៨ថ្ងៃ (World Cup 1974)
១០៖ Constantin (រូម៉ានី) មានវ័យ ១៩ឆ្នាំនិង ៩២ថ្ងៃ (World Cup 1930)
គួររំលឹកផងថា សម្រាប់ FIFA World Cup 2022 ម្ចាស់ផ្ទះកាតា នឹងបើកឆាកប្រកួតមុនគេទល់នឹងក្រុមមកពីតំបន់អាមេរិកឡាទីន អេក្វាទ័រ នាម៉ោង ១១៖០០នាទីយប់ ថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) ដែលស្ថិតក្នុងវគ្គចែកពូល (A)៕