(ដូហា)៖ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ជំនាន់ទី២២ ឆ្នាំ២០២២ នេះ ក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ចំនួន ៤៤លានដុល្លារ ច្រើនជាងបារាំងដែលឈ្នះនៅប្រទេសរុស្ស៊ី បានតែ ៣៨លានដុល្លារប៉ុណ្ណោះកាលពី ៤ឆ្នាំមុន។
យោងតាមប្រភពព័ត៌មានដែលចេញផ្សាយដោយ Al Jazeera បានបញ្ជាក់ថា FIFA បានត្រៀមកញ្ចប់ថវិកាដល់ទៅ ៤៤០លានដុល្លារ សម្រាប់ធ្វើជារង្វាន់ផ្សេងៗចែកជូនដល់បណ្តាទាំង ៣២ប្រទេស (ក្រុម) ដែលបានឈានដល់ការប្រកួតជុំចុងក្រោយនេះ ពោលគឺរាល់ការប្រកួតឈ្នះ និងស្មើ តែងតែមានកញ្ចប់ថវិកាជានិច្ច លើកលែងតែចាញ់។ ប្រាក់រង្វាន់បែងចែកតាំងពីប្រកួតសន្សំពិន្ទុក្នុងពូល រហូតដល់ផ្តាច់ព្រ័ត្រតែម្តង។
នៅចាំបានថា កាលពី World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះនោះ FIFA រកចំណូលបានជាង ៤.៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១ខែពេញពីចំនួន ៦៤ប្រកួតសរុប។
តែយ៉ាងណា FIFA ក៏ត្រូវចំណាយទៅលើគណៈកម្មាធិការរៀបចំការប្រកួតបាល់ទាត់ពិភពលោក ប្រាក់រង្វាន់ ការធ្វើដំណើរ និងការស្នាក់នៅសម្រាប់ក្រុម និងបុគ្គលិកជំនួយ បូករួមទាំងមូលនិធិកេរដំណែល ដើម្បីជួយអភិវឌ្ឍកីឡានៅក្នុងប្រទេសម្ចាស់ផ្ទះ បន្ទាប់ពីចប់ World Cup ទៀតផង។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២០ ខែវិចិ្ឆការហូតដល់ថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ដោយមាន ៣២ប្រទេសចូលរួម៕