(រ៉ាបាត)៖ អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក លោក Walid Regragui បានកោះហៅខ្សែបម្រើស្លាបក្លិប Burnley កីឡាករ Anass Zaroury ចូលក្នុងក្រុមជម្រើសជាតិ សម្រាប់ការប្រកួតនៅឯព្រឹត្តិការណ៍ World Cup ជំនួសឲ្យកីឡាករ Amine Harit ដែលមានរបួស។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។
Harit វ័យ ២៤ឆ្នាំ បានរងរបួសសរសៃចងជង្គង់ពេលលេងឲ្យក្លិប Marseille កាលពីថ្ងៃអាទិត្យ ហើយត្រូវបានដកចេញពីការប្រកួតនៅប្រទេសកាតា។
Zaroury បានកើតនៅទីក្រុង Mechelen របស់ប៊ែលហ្ស៊ិក ហើយមិនធ្លាប់លេងឲ្យក្រុមជម្រើសជាតិម៉ារ៉ុកនោះទេ ខណៈធ្លាប់លេងក្នុងក្រុមជម្រើសជាតិ U-21 របស់ប៊ែលហ្ស៊ិកកាលពីខែកញ្ញាថ្មីៗនេះ។
កីឡាករវ័យ ២២ឆ្នាំ ឥឡូវនេះអាចលេងឲ្យក្រុមជម្រើសជាតិម៉ារ៉ុក ដោយប៉ះនឹងក្រុមប្រទេសកំណើតរបស់លោកក្នុងពូល F គ្រាដែលម៉ារ៉ុក ក៏នឹងត្រូវប៉ះក្រូអាត និងកាណាដាផងដែរ។
សហព័ន្ធកីឡាបាល់ទាត់ម៉ារ៉ុក ជឿជាក់ថាឥឡូវនេះ ខ្លួនបានធានាការបញ្ជាក់ពីការផ្ទេរសម្ព័ន្ធភាពរបស់កីឡាករ Zaroury មកពីប៊ែលហ្ស៊ិក ដែលសហព័ន្ធ បានបញ្ជូនឯកសារពាក់ព័ន្ធនៅក្នុងសប្តាហ៍នេះ ដើម្បីអាចឲ្យកីឡាកររូបនេះលេងឲ្យជម្រើសជាតិម៉ារ៉ុកបាន។
Zaroury បច្ចុប្បន្នកំពុងស្ថិតនៅសហព័ន្ធអារ៉ាប់រួម ហើយនឹងចូលរួមជាមួយក្រុមម៉ារ៉ុកនៅថ្ងៃព្រហស្បតិ៍រូបនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់ក្លិប Burnley ក្នុងរដូវកាលនេះ ចាប់តាំងពីចូលរួមជាមួយ ក្រោយពីផ្ទេរមកពីក្លិបប៊ែលហ្ស៊ិក Charleroi កាលពីខែសីហា។
លោកបានស៊ុតបញ្ចូលទី ៦គ្រាប់ក្នុងការបង្ហាញខ្លួន ១៤ប្រកួតនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្លិប ដែលលេងនៅលីគ Championship នេះ។
សូមជម្រាបថា ម៉ារ៉ុក នឹងចាប់ផ្តើមយុទ្ធនាការ World Cup របស់ពួកគេប៉ះនឹងក្រុមក្រូអាតនៅថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ៕