(អាប៊ូដាប៊ី)៖ ហ្គាណា នឹងឆ្ពោះទៅកាន់ការប្រកួត World Cup ជាមួយនឹងជ័យជម្នះ ២-០ លើក្រុមស្វីស ក្នុងការប្រកួតកម្តៅសាច់ដុំនៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ខ្សែការពារក្លិប Southampton កីឡាករ Mohammed Salisu និងខ្សែប្រយុទ្ធក្លិប Bristol City កីឡាករ Antoine Semenyo បានស៊ុតបញ្ចូលទីម្នាក់ ១គ្រាប់ សម្រាប់ក្រុមជម្រើសជាតិហ្គាណា ជាមួយនឹងកីឡាករទាំងពីរបានស៊ុតបញ្ចូលទីជាលើកដំបូងរបស់ពួកគេ ក្នុងការប្រកួតលក្ខណៈអន្តរជាតិ។

Salisu វ័យ ២៣ឆ្នាំ បានតែតបាល់បញ្ចូលទីនៅនាទីទី៧០ ហើយ Semenyo បានស៊ុតបញ្ចូលទីនៅរយៈពេល ៤នាទីបន្ទាប់។

កីឡាករទាំងពីររូបនេះបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិហ្គាណាក្នុងឆ្នាំ ជាមួយនឹង Salisu ទទួលបានជ្រើសរើសចូលក្រុមជម្រើសជាតិ លើកដំបូងរបស់លោក ក្នុងការប្រកួតមិត្តភាពដោយទទួលបានលទ្ធផលបរាជ័យ ៣-០ ក្រោមថ្វីជើងក្រុមប្រេស៊ីលកាលពីខែកញ្ញា ខណៈ Semenyo វ័យ ២២ឆ្នាំ បានលេងជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិ ក្នុងការប្រកួតជម្រុះ Africa Cup of Nations ក្នុងលទ្ធផលឈ្នះ ៣-០ លើក្រុមម៉ាដាហ្គាស្ការកាលពីខែមិថុនា។

ការប្រកួតដំបូងរបស់ហ្គាណា ក្នុងពូល H នៅឯព្រឹត្តិការណ៍ World Cup នឹងត្រូវប៉ះព័រទុយហ្គាល់ នៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ។ ៤ថ្ងៃក្រោយ ក្រុមនេះ នឹងត្រូវប៉ះកូរ៉េខាងត្បូង មុនពេលប៉ះអ៊ុយរូហ្គាយ នៅក្នុងការប្រកួតជម្រុះក្នុងពូលចុងក្រោយរបស់ពួកគេ នៅថ្ងៃទី០២ ខែធ្នូ៕