(បាងកក)៖ «កីឡា មិនគួរធ្វើនយោបាយនោះទេ» នេះជាសម្តីប្រធានាធិបតីបារាំង Emmanuel Macron បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ ដោយបានច្រានចោលសំណើថា លោកគួរតែធ្វើពហិការនៅឯព្រឹត្តិការណ៍ World Cup ដែលនឹងចាប់ផ្តើមនៅប្រទេសកាតានាប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។
ការសម្រេចចិត្តផ្តល់សិទ្ធិឲ្យកាតាធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ ត្រូវបានបំផ្លាញដោយភាពចម្រូងចម្រាស ក្នុងនោះរួមបញ្ចូលទាំង ការចោទប្រកាន់អំពីអំពើពុករលួយ និងការបំពានសិទ្ធិមនុស្ស ព្រមទាំងការព្រួយបារម្ភ អំពីផលប៉ះពាល់បរិស្ថានរបស់កាតាផងដែរ។
ក្រុមសិទ្ធិមនុស្ស និងអ្នកនយោបាយមួយចំនួនបានអំពាវនាវឲ្យធ្វើពហិការការទូត ដោយលើកឡើងថា ក្រុមមេដឹកនាំនយោបាយមិនគួរធ្វើដំណើរទៅកាន់កាតា សម្រាប់ចូលរួមព្រឹត្តិការណ៍នេះនោះទេ បើទោះបីជាក្រុមប្រទេសរបស់ពួកគេបានឡើងដល់ការប្រកួតជុំផ្តាច់ព្រ័ត្រក៏ដោយ។
ដោយមានការសួរអំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃ លោក Macron ដែលសារព័ត៌មានបារាំងបានចេញផ្សាយថា លោកនឹងធ្វើដំណើរទៅកាតា ប្រសិនបើក្រុមជម្រើសជាតិបារាំងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះបានលើកឡើងថា «កីឡា មិនគួរធ្វើនយោបាយនោះទេ»។
កាតា បានប្រឈមមុខនឹងការរិះគន់ពីក្រុមសិទ្ធិមនុស្ស ជុំវិញបញ្ហាការប្រព្រឹត្តលើពលករចំណាកស្រុក ផលប៉ះពាល់បរិស្ថាននៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់ នៅកីឡដ្ឋានដែលបើកគ្មានដំបូល និងការប្រឈមដែលថា ការស្រឡាញ់ភេទដូចគ្នា គឺខុសច្បាប់នៅក្នុងប្រទេសមូស្លីមអភិរក្សនិយមមួយនេះ៕