(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗរបស់អាមេរិក នៅចុងឆ្នាំនេះបាននាំគ្នាសម្រុកកាត់បន្ថយបុគ្គលិក ដែលវាជាព្រឹត្តិការណ៍​មួយបង្ហាញពីស្ថានភាពមិនល្អប្រសើរសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានៅទូទាំងសកលលោក។ ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon, ក្រុមហ៊ុន Microsoft, Meta និង Twitter សុទ្ធសឹងតែជាក្រុមហ៊ុន Big Tech អាមេរិកដែលបានប្រកាសកាត់បន្ថយបុគ្គលិកជាផ្លូវការក្នុងទ្រង់ទ្រាយធំ ខណ:ដែល Apple មិនបានចេញមុខកាត់បន្ថយបុគ្គលិក​ក្ដី ប៉ុន្តែក៏បានបង្ហើបឱ្យដឹងថា នឹងមិនមានការជួលបុគ្គលិកថ្មីនោះទេ។

យោងតាមរបាយការណ៍ពីគេហទំព័រ Layoffs.fyi បានឱ្យដឹងថា មានម​នុស្សប្រមាណ ១២០,០០០នាក់នៅជុំវិញពិភពលោកដែល​បានបាត់បង់ការងារដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាកាត់បន្ថយបុគ្គលិក។ ការកាត់បន្ថយបុគ្គលិកទាំងនេះ ត្រូវបានក្រុមហ៊ុន​បច្ចេកវិទ្យាលើកហេតុផលរៀងៗខ្លួន ប៉ុន្តែបើតាមការវិភាគរបស់អ្នកជំនាញហិរញ្ញវត្ថុបានរកឃើញថា មានហេតុផលធំៗចំនួន៣ ដែលនាំឱ្យកើតមានការកាត់បន្ថយបុគ្គលិកទាំងព្រមនេះ។

០១) ការផ្លាស់ប្ដូរទីផ្សារ
ការផ្សាយពាណិជ្ជកម្មតាមអនឡាញគឺជាប្រភពចំណូលចម្បងសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើននៅជុំវិញពិភពលោកនាពេល​បច្ចុប្បន្ន។ ប៉ុន្តែការផ្សព្វផ្សាយពាណិជ្ជកម្មតាមអនឡាញនេះ វាបានជួបនូវបញ្ហាចាប់តាំងពីជំងឺកូវីដ១៩បានផ្ទុះឡើង។ ក្រុមហ៊ុន​ជាច្រើនបានកាត់បន្ថយថវិកាសម្រាប់ការចំណាយទៅលើការផ្សព្វផ្សាយពាណិជ្ជកម្ម ដោយក្នុងនោះរួមមានទាំងការផ្សព្វផ្សាយ​តាម​អនឡាញផងដែរ។ ចំណុចមួយទៀតនោះគឺ​ ក្រោយពីរកឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់​អ្នកប្រើប្រាស់ក្នុងគោលដៅស្វែងរកប្រាក់ចំណូលតាមរយ:ការផ្សព្វផ្សាយពាណិជ្ជកម្មនោះ សហភាពអឺរ៉ុប និងបណ្ដាប្រទេសមួយ​ចំនួនទៀតនៅលើពិភពលោកបានចាប់ផ្ដើមរឹតបន្ដឹងទៅលើច្បាប់ឯកជនភាពរបស់អ្នកប្រើប្រាស់ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់​ការ​ផ្សព្វផ្សាយពាណិជ្ជកម្ម។

ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល ក៏ជាបញ្ហាមួយដែលនាំឱ្យកើតមានវិបត្តិហិរញ្ញវត្ថុដល់ក្រុមហ៊ុនបច្ចេកវិទ្យាផងដែរ។

០២) ចំណាយច្រើនជាងចំណូល
វិនិយោគិនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានចាប់ផ្ដើមដាក់សម្ពាធមកលើក្រុមហ៊ុន ក្នុងគោលដៅឱ្យកាត់បន្ថយការចំណាយ ហើយអ្វីដែលត្រូវធ្វើជាចម្បងនោះគឺកាត់បន្ថយបុគ្គលិក និងការកាត់បន្ថយប្រាក់ខែ។ វិនិយោគិនបានយល់ឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះបាន​ចំណាយ​ច្រើនក្នុងការពង្រីកវិសាលភាពរបស់ខ្លួននៅលើទីផ្សារសកល ប៉ុន្តែការចំណាយនោះវាលើសពីសមត្ថភាព ឬចំណាយច្រើនជាង​ចំណូល ដែលនាំឱ្យស្ថិរភាពហិរញ្ញវត្ថុមានការធ្លាក់ចុះ។ ជាក់ស្ដែងវិនិយោគិនរបស់ក្រុមហ៊ុន Meta បានលើកឡើងថា ការចំណាយរបស់លោក Mark Zuckerberg ទៅលើអាជីវកម្ម Metaverse វាច្រើនសន្ធឹកពេក ដែលនាំឱ្យប៉ះពាល់ស្ថិរភាពហិរញ្ញវត្ថុក្រុមហ៊ុនទាំងមូល។

ចំណុលមួយទៀតគឺវិនិយោគិនបានលើកឡើងថា ការបរាជ័យនៃ «គម្រោង» ក៏ជាផ្នែកមួយដែលធ្វើឱ្យប៉ះពាល់ដល់​ស្ថិរភាពហិរញ្ញវត្ថុក្រុមហ៊ុនផងដែរ។

០៣) មិនមានទុនវិនិយោគបន្ថែម
យោងតាមរបាយការណ៍របស់អ្នកឃ្លាំមើលលោក Scott Kessler បានឱ្យដឹងថា ក្រុមអ្នកវិនិយោគ ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាខ្លួនឯងផ្ទាល់ គឺមិនបានទុនបម្រុងសម្រាប់ចំណាយបន្ថែមទៅលើគម្រោងថ្មីៗនោះទេ ដូចជាគម្រោងបង្កើតឧបករណ៍ពិតនិម្មិត (VR), គម្រោងរថយន្តបើកបរដោយស្វ័យប្រវត្តិជាដើម ព្រោះថាគម្រោងទាំងនេះត្រូវការ​ថវិកាច្រើនដើម្បីផលិត និងធ្វើទីផ្សារ។ វិនិយោគិនក៏មើលឃើញថា ប្រាក់ឈ្នួលសម្រាប់បុគ្គលិកផ្នែកទាំងនេះគឺខ្ពស់ និងចំពោះអត្ថប្រយោជន៍ដែលទទួលបានមកវិញគឺមិនមាននិរន្តរភាព។

ក្រុមអ្នកឃ្លាំមើល និងអ្នកវិភាគបានបញ្ជាក់បន្ថែមទៀតថា ការកាត់បន្ថយបុគ្គលិកនេះនឹងបន្តអូសបន្លាយរហូតដល់ឆ្នាំ២០២៣ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចមានភាពនឹងបន្តិចក្ដី ប៉ុន្តែផលប៉ះពាល់នៅតែបន្តកើតមាន៕