(ភ្នំពេញ)៖ តារាកំប្លែង ខាត់ ចំរើន បានទទួលមរណភាព នាវេលាម៉ោង ៥៖០០នាទីទាបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារជំងឺគាំងបេះដូង និងជំងឺថ្លើមធ្ងន់ធ្ងរ។

តារាពហុជំនាញ ខាត់ សុឃីម ដែលត្រូវជាបងស្រីបង្កើតរបស់តារាកំប្លែង ខាត់ ចំរើន បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅព្រឹកនេះថា ប្អូនប្រុសរបស់ខ្លួនបានសន្លប់បាត់ស្មារតីអស់រយៈពេលមួយថ្ងៃ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែទោះបីក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះយ៉ាងណា ក៏មិនអាចជួយបានដែរ ពោលគឺនៅវេលាម៉ោង ៥៖០០នាទីព្រឹកថ្ងៃទី ២០ ខែវិច្ឆិកានេះ ខាត់ ចំរើន បានទទួលមរណភាព ដោយសារតែគាំងបេះដូង។

លោក ខាត់ ចំរើន ជាតារា​កំប្លែង និង​ជា​អ្នក​ច្រៀង​តាម​ពិធីមង្គលការ និង​ពិធីកាត់សក់ កន្លងមកលោកធ្លាប់បាន​ទម្លាយ​ឱ្យ​ដឹង​ថា រូប​លោក​កំពុង​តែ​មាន​ជំងឺ «​ថ្លើម​» ដែល​ទាមទារ​ឲ្យលោក​ត្រូវការ​ព្យាបាល​ជា​ចាំបាច់​។

សូមជម្រាបថា ពិធីបុណ្យសពលោក ខាត់ ចំរើន នឹងត្រូវបារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ក្នុងបុរីពន្លឺថ្មី ភូមិត្រពាំងព្រាយ ភ្នំបាសិត ខណ្ឌព្រែកព្នៅ។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព និងសូមឲ្យវិញ្ញាណក្ខន្ធលោក ខាត់ ចំរើន បានទៅកាន់ទីឋានស្ងប់សុខ និងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕