(ភ្នំពេញ)៖ បច្ចុប្បន្នលំហូរជនបរទេសមកពីបណ្ដាប្រទេសនានា ចូលមកកម្ពុជាមានចំនួនច្រើន ទាំងការចូលមកបែបទេសចរណ៍ អ្នកវិនិយោគ ឬចូលមកបំពេញការងារ ជាហត្ថពលកម្មបរទេសជាដើម ។ កំណើនជនបរទេសចូលមកបែបនេះ គឺបានផ្ដល់នូវគុណសម្បត្តិ អត្ថប្រយោជន៍ច្រើនដល់កម្ពុជា ជាពិសេសវិស័យសេដ្ឋកិច្ច ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏ចាំបាច់ត្រូវយកចិត្តទុកដាក់ផងដែរអំពីការគ្រប់គ្រងទិន្នន័យវត្តមានជនបរទេសទាំងនោះឱ្យបានត្រឹមត្រូវ និងជាក់លាក់ ពីព្រោះនៅពេលចំនួនជនបរទេសមានការកើនឡើងខ្ពស់ ក៏នឹងមានភាពលំបាកក្នុងការគ្រប់គ្រងផងដែរពីសំណាក់អាជ្ញាធរ នៅពេលកើតមានបញ្ហាណាមួយពាក់ព័ន្ធនឹងជនបរទេសនោះ ។

ហេតុអ្វីបានជាចាំបាច់ត្រូវគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា? តើវាផ្ដល់អត្ថប្រយោជន៍បែបណាខ្លះ? ហើយថាតើស្ថាប័នពាក់ព័ន្ធអាចគ្រប់គ្រងវត្តមានជនបរទេសបានដោយវិធីណា ?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ការគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ។

ជាគោលការណ៍រាល់ជនបរទេសទាំងអស់ដែលចូលមកប្រទេសកម្ពុជា ទោះបីរូបភាពជាទេសចរណ៍ ឬការចូលមកបំពេញការងារក្ដី ចាំបាច់ត្រូវបំពេញលក្ខខណ្ឌទាំងឡាយស្របតាមបញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍ ។ ជាទូទៅអ្វីដែលយើងមើលឃើញសម្រាប់ជនបរទេសម្នាក់ៗ ភាគច្រើនគឺការស្នើសុំទិដ្ឋាការដែលពាក់ព័ន្ធនឹងគោលបំណងនៃការចូលមកកម្ពុជា ការស្នើសុំប័ណ្ណការងារ និងសៀវភៅការងារសម្រាប់ជនបរទេសជាកម្មករនិយោជិត ជាអាទិ៍ ។

ប៉ុន្តែយើងហាក់មើលឃើញបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស ដោយហេតុថាអាចនឹងមានភាពលំបាកប្រសិនបើកើតមានបញ្ហានានាពាក់ព័ន្ធនឹងអំពើល្មើសណាមួយ ហើយយើងមិនមានព័ត៌មានជាក់លាក់ពាក់ព័ន្ធនឹងការស្នាក់នៅរបស់ជនបរទេសនោះ ។ ហេតុនេះហើយ ដើម្បីក្តាប់ឱ្យបានច្បាស់លាស់អំពីចំនួនវត្តមានជនបរទេស និងទីកន្លែងស្នាក់នៅរបស់ជនបរទេសគ្រប់រូប អាជ្ញាធរមានសមត្ថកិច្ចបានដាក់ចេញជាគោលការណ៍ក្នុងការប្រមូលទិន្នន័យព័ត៌មានជនបរទេសគ្រប់ៗរូបឱ្យបានច្បាស់លាស់ ។ ជាពិសេសដើម្បីកាត់បន្ថយភាពលំបាក ចៀសវាងការបញ្ចូលទិន្ន័យជនបរទេសម្ដងមួយៗ ដែលអាចបង្កជាភាពស្មុគស្មាញ ស្ថាប័នពាក់ព័ន្ធបានបង្កើតឡើងនូវប្រព័ន្ធគ្រប់គ្រងមួយ ហៅថា «ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា Foreigner Presence in Cambodia System» ហៅកាត់ថា ប្រព័ន្ធ FPCS ។

តាមរយៈប្រព័ន្ធ FPCS នេះដែរ យើងអាចងាយស្រួលក្នុងការគ្រប់គ្រង ក៏ដូចជាទទួលបានទិន្នន័យពាក់ព័ន្ធនឹងជនបរទេស ដែលកំពុងមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា ដោយហេតុការប្រើប្រាស់ប្រព័ន្ធ FPCS នេះ គឺធ្វើឡើងតាមរយៈកម្មវិធី (App) ដែលអាចទាញយកមកប្រើប្រាស់បានទាំង ទូរស័ព្ទ និងថេបប្លេត ផងដែរ ។ ជាពិសេស ការស្រង់យកទិន្នន័យជនបរទេសក៏បានកាត់បន្ថយការលំបាកផងដែរ ដោយហេតុថាតាមរយៈកម្មវិធី FPCS យើងអាចធ្វើការ Scan លិខិតឆ្លងដែនរបស់ជនបរទេសម្នាក់នោះ នឹងទទួលបានទិន្នន័យជនបរទេសដោយស្វ័យប្រវត្តិ គ្រាន់តែកែសម្រួលចំណុចមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងកាលបរិច្ឆេទចូលមកប្រទេសកម្ពុជា ។

បន្ថែមពីនេះ ក្រសួងមហាផ្ទៃបានដាក់ចេញជាគោលការណ៍ពាក់ព័ន្ធនឹងបញ្ហានេះ ដោយនឹងអនុវត្តវិធានការមិនផ្ដល់ទិដ្ឋាការបន្តរយៈពេលស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសណាដែលមិនមានឈ្មោះនៅក្នុងប្រព័ន្ធគ្រប់គ្រង FPCS ។ មានន័យថា ការបញ្ចូលទិន្ន័យអំពីការស្នាក់នៅរបស់ជនបរទេសទៅក្នុងប្រព័ន្ធ FPCS នឹងក្លាយទៅជាលក្ខខណ្ឌតម្រូវ និងដាច់ខាត ទើបអាចស្នើសុំបន្តទិដ្ឋាការស្នាក់នៅដល់ជនបរទេសបាន ។ ហេតុនេះហើយបានជា កន្លងមក ក្រសួងបានធ្វើការណែនាំ បង្រៀនដល់បណ្ដាម្ចាស់ទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដែលមានជនបរទេស្នាក់នៅ ឱ្យបានយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធ FPCS ក៏ដូចជាកាតព្វកិច្ចក្នុងការសហការអនុវត្តបញ្ចូលទិន្នន័យជនបរទេស ដែលបានស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ។

ការធ្វើទំនើបកម្មអំពីបែបបទក្នុងការប្រមូលទិន្នន័យជនបរទេសបែបនេះ ពិតជាបានផ្ដល់នូវអត្ថប្រយោជន៍ច្រើន ដោយហេតុថាតាមរយៈប្រព័ន្ធគ្រប់គ្រង FPCS យើងអាចទទួលបានព័ត៌មានជាក់លាក់អំពីអត្តសញ្ញាណជនបរទេស ចំនួនជនបរទេស ព័ត៌មានអំពីការស្នាក់នៅ ក៏ដូចជាអាសយដ្ឋានជាក់លាក់ដែលជនបរទេសនោះស្នាក់នៅផងដែរ ។ ម៉្យាងទៀត វាបានផ្ដល់ភាពងាយស្រួលដល់អាជ្ញាធរក្នុងការក្ដាប់បាននូវព័ត៌មានជនបរទេស ប្រយោជន៍ធានាបាននូវការចាត់វិធានការសុវត្ថិភាព ឬវិធានការបង្រ្កាបបទល្មើសណាមួយបានឆាប់រហ័ស ប្រសិនបើមានករណីល្មើសណាមួយបានប្រព្រឹត្តឡើង ។

សរុបមក ការគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា គឺជាវិធានការមួយដែលចាំបាច់ត្រូវអនុវត្តឱ្យបាន ដើម្បីទទួលបាននូវព័ត៌មានអំពីការចូលមកព្រះរាជាណាចក្រកម្ពុជារបស់ជនបរទេសណាម្នាក់ ។ បច្ចុប្បន្ននេះ យើងអាចគ្រប់គ្រងវត្តមានជនបរទេសបាន ប្រកបដោយភាពត្រឹមត្រូវ និងជាក់លាក់ តាមរយៈប្រព័ន្ធគ្រប់គ្រង FPCS ដែលបានផ្ដល់ភាពងាយស្រួលច្រើនដល់អាជ្ញាធរ ក៏ដូចជាម្ចាស់ទីតាំងទាំងអស់ដែលមានជនបរទេសស្នាក់នៅក្នុងការប្រើប្រាស់ ក៏ដូចជាគ្រប់គ្រងព័ត៌មានរបស់ជនបរទេសទាំងនោះ ។

រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងលោក ឡេង ពុទ្ធិតារា សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥, អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕