(ដូហា)៖ ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Karim Benzema ត្រូវបានដកចេញពីបញ្ជីឈ្មោះសម្រាប់ការប្រកួត 2022 FIFA World Cup នៅប្រទេសកាតា ដោយសាររបួសធ្ងន់ធ្ងរពេក នៅពេលហ្វឹកហាត់។ នេះបើតាមការបញ្ជាក់ពី ក្រុមជម្រើសជាតិបារាំង ស្រង់ការផ្សាយដោយ Marca នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

ម្ចាស់បាល់មាសឆ្នាំ២០២២ (2022 Ballon d'Or winner) វ័យ៣៤ឆ្នាំ ត្រូវបានដកចេញពីការហ្វឹកហាត់ កាលពីថ្ងៃសៅរ៍ នៅកីឡដ្ឋាន the Jassim bin Hammad Stadium ស្របពេលដែលមានឈ្មោះត្រូវលេងបើកឆាក តទល់នឹងអូស្ត្រាលី នៅថ្ងៃអង្គារខាងមុខនេះ។ នេះមានន័យថា ៣ឆ្នាំជាប់ៗគ្នាហើយ ដែលខ្សែប្រយុទ្ធរបស់ Real Madrid ខកឱកាសលេង World Cup ។

Karim Benzema នឹងត្រូវជំនួសជម្រើស ១១នាក់ដំបូងដោយ Olivier Giroud ដែលជាខ្សែប្រយុទ្ធរកគ្រាប់បាល់បានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្របារាំង ដោយលើស Thierry Henry ដល់ទៅ ៣គ្រាប់។

បារាំង ក៏ត្រូវអវត្តមានកីឡាករសំខាន់ជាច្រើនទៀតដូចជា Paul Pogba, Christopher Nkunku, Mike Maignan, N’Golo Kanté និង Presnel Kimpembé ជាដើម។

Marca បានឲ្យដឹងដែរថា Anthony Martia នឹងត្រូវជំនួសកន្លែង Benzema ។ សូមជម្រាបថា ក្រុមមាន់បារាំង Les Bleus ស្ថិតក្នុងពូល D ជាមួយអូស្ត្រាលី ដាណឺម៉ាក និងទុយនីស៉ី នៃការប្រកួត World Cup 2022 ដែលជាការរៀបចំ លើកទី២២ នៅកាតា៕