(ភ្នំពេញ)៖ ការប្រកួតរវាងជម្រើសជាតិកាតា និងអេក្វាឌ័រ ត្រូវធ្វើឡើងនៅយប់ថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ វេលាម៉ោង ១១៖០០ (ម៉ោងនៅកម្ពុជា) ដែលជាថ្ងៃបើកឆាកព្រឹត្តិការណ៍ នៃការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតាតែម្តង។ មុនការប្រកួត ស្រាប់តែមានសេចក្តីរាយការណ៍ថា កាតាសូកលុយកីឡាករអេក្វាឌ័រ ចំនួន៨នាក់ ជាថ្នូរនឹងការលេងឲ្យចាញ់ម្ចាស់ផ្ទះ។

ឥឡូវនេះ កាតាកំពុងតែប្រឈមមុខនឹងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ ហើយបើតាមអ្នកជំនាញកិច្ចការនយោបាយយុទ្ធសាស្ត្រ និងជានាយកមជ្ឈមណ្ឌលអង់គ្លេស ប្រចាំនៅប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត Amjad Taja អះអាងថា មានកីឡាករអេក្វាឌ័រ ៨នាក់ ត្រូវបានសូកប៉ាន់ដោយកាតា ក្នុងតម្លៃ ៧.៤លានដុល្លារអាមេរិក ដើម្បីដោះដូរនឹងការលេងឲ្យចាញ់កាតា។

អ្នកសារព័ត៌មាន បានព្រមានថា ប្រភពផ្ទៃក្នុងពីប្រទេសកាតា និងអេក្វាឌ័រ បានបញ្ជាក់ពីប្រតិបត្តិការនេះ ហើយបានស្នើឲ្យពិភពលោកប្រឆាំងនឹង «អំពើពុករលួយរបស់ FIFA »

បើតាមរបាយការណ៍ដដែល កាតាចង់ឲ្យអេក្វាឌ័រចាញ់ក្នុងលទ្ធផល ១ទល់នឹង០ នៅតង់ទី២ ។ កន្លងមក កាតាក៏ធ្លាប់ត្រូវាបានចោទប្រកាន់រឿងសូក FIFA ក្នុងទឹកប្រាក់រាប់លានដុល្លារ ដើម្បីផ្តល់សិទ្ធិជាម្ចាស់ផ្ទះរៀបចំ World Cup ។

ទាំងរដ្ឋាភិបាលកាតា និងសហព័ន្ធកីឡាបាល់ទាត់កាតា មិនបកស្រាយករណីនេះទេ ប៉ុន្តែ ក្នុងបទសម្ភាសនៅថ្ងៃអាទិត្យនេះ គ្រូបង្វឹកជម្រើសជាតិកាតា Felix Sanches បានអះអាងថា នេះជារឿងមិនពិតនោះទេ៕