(ភ្នំពេញ)៖ គណ:កម្មការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅល្ងាចថ្ងៃអាទិត្យនេះ បានរៀបចំពិធីក្រុងពាលីសុំសេចក្ដីសុខសេចក្ដីចម្រើន នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ត្រៀមរៀបចំពិធីបើកការការប្រកួតផ្លូវការ ដែលនឹងប្រារព្ធធ្វើឡើង នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកាស្អែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

ពិធីតាមទំនៀមទម្លាប់ព្រះពុន្ធសាសនានេះ មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមន្រ្តីក្រោមឱវាទ ព្រឹទ្ធាចារ្យកីឡា និងគណៈកម្មការរៀបចំជាដើម ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និង NOCC បានឲ្យដឹងថា គណៈកម្មការរៀបចំបានត្រៀមរួចរាល់ ដើម្បីរៀបចំពិធីបើកស្អែកនេះ ជាមួយការត្រៀមរៀបចំការសម្ដែងទស្សនីយភាពពិសេសៗជាច្រើនទម្រង់ ពីកម្លាំងបញ្ជាការដ្ឋានអង្គរក្សជាង ១ពាន់នាក់ ការរាំចង្វាក់រាំវង់ ឡាំលាវ ដែលជាការរំាចង្វាក់ប្រជាប្រិយខ្មែរ មាននារីប្រមាណ ៥០០នាក់ ការសម្ដែងក្បាច់គុនល្បុក្តតោ ការបាញ់កាំជ្រួចទំនើបចម្រុះពណ៌ រួមទាំងទស្សនីយភាពផ្សេងៗទៀត ដែលមានអ្នកសម្ដែងសរុបប្រមាណ ២០០០នាក់ រួមជាមួយអ្នកចូលរួមទស្សនា និងអបអរសាទរសរុបជាង ៤ម៉ឺននាក់ទៀត ។

គួរដឹងថា ព្រឹត្តិការណ៍កីឡាថ្នាក់ជាតិនេះ បានចាប់ផ្ដើមការប្រកួតនៅថ្ងៃទី២០ ខែវិច្ឆិកានេះ មុនពិធីបើកការប្រកួតផ្លូវការ ១ថ្ងៃ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីតាំងសំខាន់ៗចំនួន ៥ រួមមាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ។ ក្នុងនោះកីឡាជាតិ លើកទី៣ មានកីឡាចំនួន ៣៨ប្រភេទកីឡា និងកីឡាជនពិការជាតិ លើកទី១ មានកីឡាចំនួន ៧ប្រភេទ ដែលមានវិញ្ញាសាសរុបចំនួន ៤០៥។

លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ការប្រកួតកីឡាជាតិ ក៏ដូចជាកីឡាជនពិការជាតិ ឆ្នាំ២០២២ នេះ ផ្ដោតលើគោលដៅចម្បង ទាំងការរៀបចំពិធីបើក-បិទ ដំណើរការរៀបចំការប្រកួត និងការអនុវត្តតួនាទីភារកិច្ចរបស់មន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម គ្រប់សហព័ន្ធកីឡាជាតិនីមួយៗ ដើម្បីបាញ់ឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ពិសេសដើម្បីបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ-កីឡាការិនី ត្រៀមប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនាឆ្នាំក្រោយនេះ៕