(ដូហា)៖ ពិតជាអស្ចារ្យការប្រកួតបើកឆាកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ក្រុមភ្ញៀវអេក្វាឌ័រ រកបាន ៣ពិន្ទុយ៉ាងសំខាន់ ក្រោយបំបាក់ក្រុមម្ចាស់ផ្ទះកាតា ២-០ ដែលនេះជាការប្រកួតលើកទី១ ក្នុងពូល (A) នៃវគ្គសន្សំពិន្ទុជាបណ្តោះអាសន្ន ស្ថិតក្នុងកីឡដ្ឋាន Al Bayt ដែលអាចផ្ទុកអ្នកទស្សនាប្រមាណ ៦ម៉ឺននាក់។

នេះជាការប្រកួតលើកទីមួយ ក្នុងចំណោម ៦៤ប្រកួតសរុបចំពោះការចូលរួមមកពី ៣២ប្រទេស ដែលមាននៅប្រទេសកាតា តែមួយគត់។

ស្ថិតក្រោមការតាមដានរបស់អ្នកគាំទ្រប្រមាណ ៦ម៉ឺននាក់ ក្រុមអេក្វាឌ័រ ធ្វើបានយ៉ាងល្អដោយបានបើកការនាំមុខមុនទៅលើក្រុមម្ចាស់ផ្ទះកាតា ដោយជាការស៊ុតបាល់ពិន័យ ១១ម៉ែត្របានយ៉ាងល្អពីសំណាក់កីឡាករ Enner Valencia នៅនាទី១៦ និងបន្តរកបានគ្រាប់ទី២ នៅនាទី៣១ ក្នុងតង់ទី១ ដ្បិតង់ទី២ បានត្រឹមវាយសម្រុកគ្នាទៅវិញទៅមកតែមិនមានគ្រាប់ស៊ុតនោះទេ នាកីឡដ្ឋាន AL Bayt ស្ថិតក្នុងទីក្រុង AL Khor៕

បញ្ជាក់ផងថា ការប្រកួតបើកឆាកវគ្គសន្សំពិន្ទុស្ថិតក្នុងពូល A ក្រុមអេក្វាឌ័រ រកបាន ៣ពិន្ទុនាំមុខកំពូលតារាងជាបណ្តោះអាសន្ន ដោយមានក្រុមសេណេហ្គាល់ ត្រូវប៉ះក្រុមហូឡង់ សម្រាប់ប្រកួតទី១ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ខណៈដែលការប្រកួតទី២ ក្នុងពូល A ក្រុមម្ចាស់ផ្ទះកាតា ប៉ះក្រុមសេណេហ្គាល់ ហើយក្រុមហូឡង់ ប៉ះអេក្វាឌ័រ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្រាប់ការប្រជែងពានពិភពលោក ៤ឆ្នាំម្តងនេះ៕