(អាប៊ូសាមរ៉ា)៖ កីឡាកររកគ្រាប់បាល់បានច្រើនក្នុងកំណត់ត្រារបស់ប៊ែលហ្សិក Romelu Lukaku បានធ្វើការហ្វឹកហាត់ដាច់ដោយឡែកពីក្រុមនៅថ្ងៃអាទិត្យ ខណៈមានភាពមិនប្រាកដប្រជា អំពីកាយសម្បទារបស់លោក ក្នុងការចូលរួមយុទ្ធនាការ World Cup។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

Lukaku វ័យ ២៩ឆ្នាំ បានបង្ហាញខ្លួនលេងក្នុងនាមជាកីឡាករបម្រុងចំនួន ២ប្រកួត ក្នុងរយៈពេល ៤ខែចុងក្រោយនេះសម្រាប់ក្លិប គ្រាដែលលោកបានតស៊ូ ជាមួយនឹងរបួសសរសៃពួរកែងជើង ហើយទំនងជាមិនទាន់ត្រៀមខ្លួនរួចរាល់នោះទេសម្រាប់ការប្រកួតបើកឆាកក្នុងពូល F របស់ប៊ែលហ្សិក ប៉ះកាណាដា នៅថ្ងៃពុធ និងម៉ារ៉ុក។​ នេះបើតាមមន្ត្រីបានប្រាប់ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃអាទិត្យម្សិលមិញ។

ស្ថានភាពរបស់លោកត្រូវបានតាមដានជាប្រចាំថ្ងៃ ហើយគោលបំណងនោះ គឺដើម្បីឲ្យលោកអាចចូលលេងបាន ក្នុងការប្រកួតជម្រុះក្នុងពូលលើកចុងក្រោយ ប៉ះក្រុមក្រូអាត នៅថ្ងៃទី០១ ខែធ្នូខាងមុខ។

Lukaku គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ក្រុមប៊ែលហ្សិក។ កីឡាកររូបនេះបានស៊ុតបញ្ចូលទី ៦៨គ្រាប់ ក្នុងចំណោម ១០២ប្រកួតនាពេលកន្លងមក៕