(ដូហា)៖ ក្រោយពីម្ចាស់ផ្ទះកាតាចាញ់អេក្វាឌ័រ ស្ពឹកមុខនៅថ្ងៃបើកឆាក FIFA World Cup 2022 រួចមក នៅថ្ងៃទី២ នេះដែរ នឹងមាន ៣ប្រកួតជក់ចិត្តបន្តនារាត្រីថ្ងៃនេះ ក្នុងនោះមានអង់គ្លេស ប៉ះអ៉ីរ៉ង់ជាគូប្រកួតដែលចង់ទស្សនា។

តោកំណាចអង់គ្លេស ដែលជាក្រុមទើបរងជើងឯក Euro 2020 នឹងប៉ះក្រុមចេញពីអាស៊ី អ៉ីរ៉ង់នាម៉ោង ០៨៖០០នាទីយប់ ក្បាលព្រលប់ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ជាការប្រកួតបើកឆាកប្រចាំពូល B នៅ World Cup លើកទី២២ មុនពេលហូឡង់ ជួបសេណេហ្គាល់នាម៉ោង ១១យប់ ដើម្បីបញ្ចប់ប្រកួតជុំទី១ ប្រចាំពូល A។

លុះឈានដល់ម៉ោង ០២៖០០នាទីរំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) គឺជាការជួបគ្នារវាងក្រុមសហរដ្ឋអាមេរិក ទល់នឹងវ៉េល ក្នុងការប្រកួតបញ្ចប់ជុំទី១ ចេញពីពូល B។

រូបមន្តប្រកួតបន្តនៅដដែល ពោលគឺក្រុមឈ្នះ នឹងទទួលបាន ៣ពិន្ទុ ស្មើគ្នាបាន ១ពិន្ទុ និងក្រុមចាញ់ ០ពិន្ទុ ដែលមាន ៣ប្រកួតដូចគ្នានៃក្រុមនីមួយៗទាំង ៣២ក្រុមដែលបានឈានដល់ជុំចុងក្រោយនៃ World Cup 2022 នេះ៕