(ហ្សាកាតា)៖ កម្ពុជាបានទទួលមេដាយសំរឹទ្ធ ១គ្រឿង នៅក្នុងការប្រកួតជើងឯកការ៉ាតេពិភពលោក WKF Championship Series A 2022 ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី២០ ខែវិច្ឆិកាម្សិលមិញ។

មេដាយសំរឹទ្ធខាងលើ ដណ្ដើមបានលើវិញ្ញាសាកាតាក្រុមនារី ដោយកីឡាការិនី ថាត ឆេងហ័ង, ពុទ្ធា ស្រីណុច និងកីឡាការិនី អូន ស្រីដា បន្ទាប់ពីប្រកួតកាត់សេចក្ដី (វគ្គដណ្ដើមមេដាយសំរឹទ្ធ) យកឈ្នះក្រុមកីឡាការិនីអ៊ុយក្រែន ដោយពិន្ទុ ២៣.៦ ទល់នឹង ២១.៤។

សូមបញ្ជាក់ថា កម្ពុជា បានអត្តពលិកសរុប ១៧នាក់ចូលរួមប្រកួត WKF Championship Series A 2022 ដែលមានអត្តពលិកជុំវិញពិភពលោកចូលរួម ចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា។ ការប្រកួតនេះ ត្រូវបានជាការវាស់ស្ទង់ និងសម្រួចសមត្ថភាព បច្ចេកទេសដ៏សំខាន់ សម្រាប់ក្រុមកីឡាការ៉ាតេកម្ពុជា  សម្រាប់ត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣៕