(កំពត)៖ មូលនិធិព្រូដិនស៍ តាមរយៈក្រុមហ៊ុនព្រូដិនសលកម្ពុជា និងកិច្ចសហការណ៍ជាមួយអង្គការមូលនិធិសិទ្ធិកុមារ ដោយមានការគាំទ្រ ពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជាផ្លូវការកិច្ចបន្តគម្រោង កម្មវិធីអប់រំហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារ​ «ឆាឈីង» ក្នុងដំណាក់កាលទី២ ក្រោមឈ្មោះ «កុមារឆ្លាតអំពីលុយ ឆាឈីង»

ក្នុងកម្មវិធីនេះមានការចូលរួមជាអធិបតីភាពពីសំណាក់​ លោកបណ្ឌិត ចាន់ សុភា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន និងជាប្រធាន​នាយកដ្ឋានបឋម​នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងនៃគណៈអភិបាលខេត្តកំពតផងដែរ។

សេចក្តីប្រកាសនេះបញ្ជាក់ពី​ ការប្ដេជ្ញាបន្តគាំទ្រ ការលើកស្ទួយអក្ខរកម្មហិរញ្ញវត្ថុ ដល់កុមារកម្ពុជារយៈពេល៣ឆ្នាំខាងមុខទៀត គម្រោងនេះមានគោលបំណង បង្រៀនកុមារអាយុពី៧ ដល់១២ឆ្នាំ ពីចំណេះដឹងឧបករណ៍ និងការអនុវត្តន៍នានា ដែលពួកគាត់ត្រូវការ ក្នុងការសម្រេចចិត្តហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ដើម្បីសម្រេចគោលដៅ និងសុបិន្តរបស់ពួកគេ។

ការពង្រីកគម្រោងឆាឈីងវគ្គទី២ នេះគឺដោយសារការសម្រេចបានជោគជ័យលើវគ្គទី១ ចាប់ពីដើមឆ្នាំ២០១៩ ដល់ដើមឆ្នាំ២០២២។ ដំណាក់កាលទី១ គម្រោងបានអនុវត្តនៅទីក្រុងភ្នំពេញ ខេត្តកណ្ដាល និងកំពង់ចាម ទៅលើសាលាបឋមសិក្សាគោលដៅចំនួន១៥០។ ដំណាក់កាលនេះបានផ្ដល់ប្រយោជន៍ដល់សិស្សចំនួន ៣៩,៨៨៩នាក់ (សិស្សស្រីចំនួន ១០,៧០៤នាក់) គ្រូចំនួន ៥៨១នាក់ នាយកសាលាចំនួន ១៥០នាក់ អាណាព្យាបាលចំនួន ២៨៩នាក់ និងមន្រី្តរដ្ឋាភិបាលចំនួន ៦៩នាក់។

គម្រោងកុមារឆ្លាតអំពីលុយ ឆាឈីង ដំណាក់កាលទី២នេះ នឹងបន្ដពង្រីកអត្ថប្រយោជន៍ ទៅលើភាពជោគជ័យនៃដំណាក់កាលទី១ លើសាលាចំនួន១៥០ និងភាពជាម្ចាស់ពីសំណាក់ក្រសួង ដោយបន្ថែមនូវសាលាគោលដៅចំនួន១៥០ទៀត នៅក្នុងខេត្ត កំពង់ចាម កំពត កណ្ដាល សៀមរាប និងភ្នំពេញ។

លើសពីការពង្រីកគោលដៅសាលា គម្រោងនឹងរំពឹងបន្ថែម ទៅលើគោលដៅសំខាន់មួយទៀត គឺការដាក់បញ្ជូលមេរៀនអក្ខរកម្មហិរញ្ញវត្ថុឆាឈីងនេះចូលទៅក្នុងកម្មវិធីសិក្សាផ្លូវការរបស់ក្រសួងអប់រំ ដើម្បីធានាវិសាលភាពនៃលទ្ធផល វិជ្ជមាននៃចំណេះដឹងនេះ។

លោកបណ្ឌិត ចាន់ សុភា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន និងជាប្រធាននាយកដ្ឋានបឋមនៃក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា «តំណាងក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានចូលរួមកម្មវិធី ប្រកាសជាផ្លូវការនេះ ហើយខ្ញុំបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងទៅលើគម្រោងកុមារឆ្លាតអំពីលុយ ឆាឈីងដំណាក់កាលទី២។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមលើកទឹកចិត្តឲ្យដៃគូ ពាក់ព័ន្ធនានាធ្វើការរួមគ្នា ដោយភាពច្បាស់លាស់លើទំនួលខុសត្រូវ ប្រកបដោយវិជ្ជាជីវៈ ផ្តោតលើគោលដៅវែងឆ្ងាយជាផលប្រយោជន៍នៃកុមារ និងសង្គមកម្ពុជា»

លោក Freddie Wong, នាយកស្ដីទីផ្នែកហិរញ្ញវត្ថុ និង Actuary តំណាងក្រុមហ៊ុនព្រូដិនសលកម្ពុជាបានថ្លែងថា «ការធានាសុវត្ថិភាពផ្នែកសុខភាព និងហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជា គឺជាគោលដៅចំបងនៃអាជីវកម្ម យុទ្ធសាស្ត្រមួយរបស់យើង គឺការបង្កើនអក្ខរកម្មហិរញ្ញវត្ថុ សម្រាប់ក្មេងៗជំនាន់ក្រោយ គោលដៅចំបងនៃយុទ្ធសាស្ត្រនេះគឺ ការធានាឲ្យមានការយល់ដឹង ច្បាស់លាស់អំពីការគ្រប់គ្រងលុយ តាំងពីវ័យក្មេង ដើម្បីសម្រេចចិត្តហិរញ្ញវត្ថុបាន ប្រសើរជាងមុន ខ្ញុំពិតជារីករាយណាស់ដែលឃើញកម្មវិធីឆាឈីង បានអនុត្តជោគជ័យពីសំណាក់កុមារកម្ពុជា និងឃើញកម្មវិធីនេះរីកចំរើនទៅមុខ»

លោក ទេព ចាន់សំអុល នាយកប្រតិបត្តិនៃអង្គការមូលនិធិសិទ្ធិកុមារ បានឲ្យដឹងថា​ ការអប់រំផ្នែកហិរញ្ញវត្ថុសម្រាប់កុមារនៅកម្ពុជា មានសារៈសំខាន់ណាស់ក្នុងការបំពេញចន្លោះអក្ខរកម្មហិរញ្ញវត្ថុ និងលើកស្ទួយការគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានល្អនាពេលអនាគត​ ក្នុងចំណោមកុមារអាយុចាប់ពី៧-១២ ឆ្នាំ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ដល់នូវកិច្ចសហការណ៍ក្នុងការអនុវត្ត និងពង្រីកគម្រោង និងក៏សូមថ្លែងអំណរគុណដល់មូលនិធិព្រូដិនស៍ ក្នុងការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិការសម្រាប់គម្រោងនៅប្រទេសកម្ពុជា។ ជំនួសឲ្យមូលនិធិសិទ្ធិកុមារ យើងខ្ញុំនឹងប្តេជ្ញាក្នុងការធានា​ដំណើរការកម្មវិធី ប្រកបដោយលទ្ធផល និងការផ្លាស់ប្ដូរវិជ្ជមាន ទៅលើអក្ខរកម្មហិរញ្ញវត្ថុនៅប្រទេសកម្ពុជា»។

ឆាឈីង គឺជាកម្មវិធីអប់រំ និងទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុជាសកល សម្រាប់កុមារអាយុពី ៧-១២ឆ្នាំ។ កម្មវិធីនេះផ្ដោតទៅលើការបំពេញចន្លោះខ្វះខាតផ្នែកអក្ខរកម្មហិរញ្ញវត្ថុ ដោយការប្រើប្រាស់របៀបសិក្សាបែបរួមបញ្ជូល ដោយប្រើប្រាស់ឧបករណ៍ឌីជីថល និងរបៀបសិក្សាក្នុងសាលា។