(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កំពុងប្រកាសប្រមូលរថយន្តត្រឡប់មកជួសជុលវិញប្រមាណ ៣២១,០០០គ្រឿងនៅក្នុងសហរដ្ឋអាមេរិក ដោយសារតែបញ្ហាភ្លើងស្តុបរថយន្តខាងក្រោយមិនបំភ្លឺ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រភពបានឱ្យដឹងថា នៅក្នុងឯកសារមួយដែលបានដាក់ទៅកាន់រដ្ឋបានលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាននិយាយថា ការប្រមូលរថយន្តត្រឡប់មកវិញទាក់ទងនឹងភ្លើងស្តុបរថយន្តខាងក្រោយ គឺគ្របដណ្តប់លើរថយន្តស៊េរីថ្មី Model 3 ឆ្នាំ២០២៣ និង Model Y ឆ្នាំ២០២០-២០២៣។ តែយ៉ាងចំពោះការប្រមូលរថយន្តមកជួសជុលវិញភ្លាមៗនេះ ត្រូវបានគេអះអាងថា មិនមានករណីគ្រោះថា្នក់ណាមួយកើតឡើងនោះឡើយ។

យ៉ាងណាមិញការប្រកាសបង្ហាញខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ Tesla បានប្រមូលរថយន្តមកវិញកាលពីថ្ងៃសុក្រសប្តាហ៍មុនប្រមាណជិត ៣០,០០០គ្រឿងនៅក្នុងសហរដ្ឋអាមេរិក ដែលភាគច្រើនគឺជារថយន្ត Model X ជុំវិញបញ្ហាពោងសុវត្ថិភាពអ្នកដំណើរខាងមុខដាក់ពង្រាយមិនបានត្រឹមត្រូវ។ ដោយឡែកគ្រាន់តែចេញព័ត៌មានប្រមូលរថយន្តកាលពីសប្តាហ៍មុននេះភាគហ៊ុនរបស់ Tesla ធា្លក់ចុះជិត ៣ភាគរយ ដែលឈានដល់កម្រិតទាបបំផុតមួយក្នុងរយៈពេលជិត ២ឆ្នាំមកនេះ។

គួរបញ្ជាក់ដែរថា នេះមិនមែនជារឿងដែលភ្ញាក់ផ្អើរខ្លំាងសម្រាប់ Tesla នោះទេ ខណៈដែលរបាយការណ៍កន្លងមកបង្ហាញថា គិតត្រឹមតែឆ្នាំ២០២២ ក្រុមហ៊ុន Tesla បានរាយការណ៍ពីយុទ្ធនាការប្រមូលរថយន្តរបស់សហរដ្ឋអាមេរិកចំនួន ១៩ដង ដែលគ្របដណ្តប់លើរថយន្តជាង ៣.៧លានគ្រឿង ដោយក្នុងនោះការហៅត្រឡប់យកមកជួសជុលឡើងវិញមាន ៤ដងក្នុងខែវិច្ឆិកានេះ៕