(ភ្នំពេញ)៖ ក្រុមកីឡាគុនល្បុក្កតោជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿង រួមមានមេដាយមាស ១ និងប្រាក់ ៤ នៅក្នុងកម្មវិធីប្រកួតកីឡាយុទ្ធសិល្ប៍ក្បាច់គុនពិភពលោក ឆ្នាំ២០២២ (International martial arts contest 2022) ដែលរៀបចំដោយសម្ព័ន្ធកីឡាយុទ្ធសិល្ប៍ពិភពលោក (WMAU) នៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីព្រឹត្តិការណ៍នេះ បានរៀបចំការប្រកួតតាមអនឡាញ កាលពីឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩ ។

លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានឲ្យដឹងថា ការប្រកួតនេះ បានធ្វើឡើងកាលពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ដោយមានអត្តពលិកមកពី ១០ប្រទេសចូលរួម រួមមានកម្ពុជា អូបេគីស្ថាន វៀតណាម ឡាវ សិង្ហបុរី ឥណ្ឌា ហ្គាណា ហ្វីលីពីន អ៊ីរ៉ង់ និងម្ចាស់ផ្ទះកូរ៉េ ។ សម្រាប់កម្ពុជា ដោយទទួលបានការឧបត្ថម្ភគាំទ្រពីគណៈកម្មាធិការជាតិ CAMSOC បានបញ្ជូនកីឡាករ-កីឡាការិនី ៨រូប និងគ្រូដឹកនាំ ២ចូលរួមចូលរួមព្រឹត្តិការណ៍អន្ដរជាតិនេះ ។

ខាងក្រោមនេះជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតរយៈពេល ៣ថ្ងៃ ក្នុងព្រឹត្តិការណ៍ International martial arts contest 2022 រួមមាន៖

១, កីឡាករ ពិធី ច័ន្ទឆវី ទទួលបានចំណាត់ថ្នាក់លេខ១ ឬមេដាយមាស លើវិញ្ញាសារទ្វារមេគុនអាវុធ
២, កីឡាករ គីម ទិត្យសុវឌ្ឈន: ទទួលបានចំណាត់ថ្នាក់លេខ២ ឬមេដាយប្រាក់ លើវិញ្ញាសារទ្វារមេគុនអាវុធ
៣, កីឡាករ អោក រិតធានី និងកីឡាករ យ៉ឹម វុត្ថា ទទួលបានចំណាត់ថ្នាក់លេខ២ ឬមេដាយប្រាក់ លើវិញ្ញាសារទ្វារមេគុនដៃក្រុម
៤, កីឡាករ អ៊ៃ សំអុន និងកីឡាការិនី ស៊ិន សៀវសៀន ទទួលបានចំណាត់ថ្នាក់លេខ២ ឬមេដាយប្រាក់ លើវិញ្ញាសារទ្វារមេគុនអាវុធក្រុម
៥, កីឡាករ អ៊ៃ សំអុន, គីម ទិត្យសុវឌ្ឍន:, ពេជ្រ ពន្លឺ, អោក រិតធានី, យ៉ឹម វុត្ថា, ស៊ិន សៀវសៀន, យស សញ្ចនា និង ពុធ ចាន់ឆវី បានទទួលចំណាត់ថ្នាក់លេខ២ ឬមេដាយប្រាក់ លើវិញ្ញាសារសំដែងជាក្រុម ។

លោក អ៊ួ តារា បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលខាងលើ ដែលធ្វើបានល្អក្នុងការប្រកួតអន្ដរជាតិ ហើយក៏ជាសញ្ញាណវិជ្ជមានសម្រាប់កីឡាករ-កីឡាការិនីគុនល្បុក្កតោកម្ពុជា ក្នុងដំណើរឆ្ពោះទៅប្រកួតប្រជែងមេដាយការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះនាឆ្នាំក្រោយផងដែរ ៕