(ភ្នំពេញ)៖ កាតា ដែលជាប្រទេសអ៉ីស្លាមអភិរក្សនិយម និងត្រូវបានគេស្គាល់ថាជារដ្ឋដែលមានច្បាប់តឹងតែង លើការស្លៀកពាក់របស់ស្ត្រី ទោះបីជាប្រទេសនេះកំពុងរៀបចំ World Cup 2022 ក៏ដោយ ក៏វិធានច្បាប់នោះមិនប្រែប្រួលដែរ។ ជាក់ស្តែង ភរិយានិងគូស្នេហ៍របស់ក្រុមជម្រើសជាតិអង់គ្លេស ត្រូវបានទទួលការផ្តល់ដំបូន្មាន ពាក់ព័ន្ធនឹងរឿងស្លៀកពាក់ នៅពេលពួកគេចេញទៅគាំទ្រដៃគូពេលប្រកួត។

បន្ថែមនឹងការណែនាំឲ្យបោះចោលសម្លៀកបំពាក់មិនសមរម្យ ខើចលើខើចក្រោម ពួកគេក៏ត្រូវបានហាមប្រាមពីអាកប្បកិរិយា ពេលស្ថិតក្នុងទីតាំងសាធារណៈផងដែរ។ បើតាមការរាយការណ៍ដោយ Daily Mail អះអាងថា គូស្នេហ៍របស់ជម្រើសជាតិអង់គ្លេស ដូចជា Luke Shaw, Marcus Rashford និង John Stones បានទទួលការដាស់តឿនបន្ថែម ពីអ្នករចនាសម្លៀកបំពាក់ផ្ទាល់ខ្លួនពួកគេ។

កន្លងមក ភរិយានិងគូស្នេហ៍របស់ក្រុមជម្រើសជាតិនានា ដែលទៅលេងការប្រកួតលំដាប់ពិភពលោក តែងតែមានសេរីភាពគ្រប់គ្រាន់ ក្នុងការចង់ធ្វើអ្វីមួយ ប៉ុន្តែលើកនេះដោយសារនៅកាតា ពិតជាពិបាកសម្រាប់ពួកគេ។

បើតាមសេចក្តីរាយការណ៍ដដែល ដៃគូរបស់កីឡាករជម្រើសជាតិអង់គ្លេស នឹងស្នាក់នៅលើកប៉ាល់លំដាប់អភិជន ច្រើនជាងទៅគេងនៅសណ្ឋាគាររួមគ្នា៕